មេដឹកនាំកំពូលអ៊ីរ៉ង់៖ អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមនោះទេ តែត្រូវការពារខ្លួនក្នុងនាមជាប្រទេសមួយ
តេហេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅក្នុងសំណេរសរសេរដោយដៃចុងក្រោយបំផុតមួយរបស់លោកថា អ៊ីរ៉ង់មិនចង់មានសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ប៉ុន្តែត្រូវតែការពារសិទ្ធិរបស់ខ្លួនឯងក្នុងនាមជាប្រទេសមួយ។
នៅក្នុងសំណេរសរសេរដៃខាងលើ
និងដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា
ឆ្នាំ២០២៦ លោក Mojtaba Khamenei បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុងស្វែងរកសង្គ្រាមទេ ហើយក៏មិនចង់ធ្វើសង្រ្គាមនោះដែរ។
ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើងឡើយ មិនថានៅក្រោមកាលៈទេសៈណាក៏ដោយ»។
សូមជម្រាបថា
អីរ៉ង់ក្នុងសប្ដាហ៍នេះបានយល់ព្រមទទួលយកបទឈប់បាញ់ដ៏ផុយស្រួយមួយរយៈពេល២សប្ដាហ៍ជាមួយសហរដ្ឋអាមេរិក
ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាព។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ធ្លាប់បង្ហាញការសង្ស័យជាច្រើនលើកថាលោក Mojtaba Khamenei ប្រហែលជាបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានអះអាងថាមេដឹកនាំកំពូលរបស់ខ្លួនកំពុងជាសះស្បើយពីរបួស
និងបានបង្ហោះរូបថតជាច្រើនសន្លឹករបស់លោក
តែមិនបានបញ្ជាក់ថាតើរូបថតទាំងនោះត្រូវបានថតតាំងពីពេលណានោះទេ៕ (AFP)

Post a Comment