រដ្ឋមន្រ្តីព័ត៌មាន៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងបរិបទ នៃយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន គឺការចូលរួមក្នុងការលើកកម្ពស់សន្តិសុខព័ត៌មាន ដែលចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ដើម្បីរួមចំណែកដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា
ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងព័ត៌មាន
រដ្ឋមន្ត្រី នេត្រ ភត្រ្តា បានអះអាងថា
លទ្ធផលនៃការសិក្សានេះបានបង្កើតជាមូលដ្ឋានស្នូលមួយសម្រាប់ការដឹកនាំ គ្រប់គ្រង
និងតម្រង់ ទិសលើការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
ជាមួយគ្នានេះដែរ
ក្រសួងព័ត៌មានបានបង្ហាញរបាយការណ៍នៃការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជា
បានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរ។
ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ប្រទេសនីមួយៗ
នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព
សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា
ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់សន្តិសុខព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន
និងធានាអធិបតេយ្យភាពព័ត៌មានរបស់កម្ពុជា
ដែលក្នុងនោះអ្នកសារព័ត៌មានវិជ្ជាជីវៈទទួលបានការការពារ
និងតម្លៃខ្ពស់ពីសង្គមជាតិទាំងមូលក្នុងក្របខណ្ឌនីតិរដ្ឋ
និងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា
ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន
គឺរឹតតែមានសារៈសំខាន់ ដើម្បីពិនិត្យតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ
ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយ។
មិនតែប៉ុណ្ណោះការវាស់វែងនេះ ក៏នឹងជួយកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមថ្មីៗ
និងបង្ហាញឱ្យឃើញនូវកាលានុវត្តភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាផងដែរ។
សម្រាប់កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ រួចមកហើយ ដែលក្រសួងព័ត៌មានបានដឹកនាំ
និងរៀបចំធ្វើរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា
សម្រាប់ឆ្នាំ២០២៦ ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង
ជាមួយគោលបំណងសំខាន់ចំនួន៣ រួមមានទី១៖ ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន
បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន
ហើយធានាថាការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់, ទី២៖
ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ និងការពិតជូនដល់សាធារណជនជាតិ
និងអន្តរជាតិជំនួសឱ្យការវាយតម្លៃ
បែបលម្អៀងដែលមិនបានឆ្លុះបញ្ចាំងនូវបរិបទពិតរបស់កម្ពុជា និងទី៣៖
ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន
ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាពរវាងសេរីភាព
និងស្ថិរភាពសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា
ការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជាបានបង្ហាញលទ្ធផលថា
អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថា មានភាពល្អប្រសើរ
ដែលនៅក្នុងនោះគឺ ៩,៦៥% បានវាយតម្លៃថាល្អណាស់ និង៧១,២៣% បានវាយតម្លៃថាល្អ។ អ្នកចូលរួមស្ទង់មតិ ៧៥,២៦%
បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ៕






Post a Comment