ត្រាំ គំរាមវាយប្រហារលើកោះ Kharg របស់អីរ៉ង់ជាថ្មី និងទាមទារលក្ខខណ្ឌចរចាដ៏តឹងរ៉ឹង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបើកការវាយប្រហារបន្ថែមទៀតទៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ខណៈដែលលោកបានអះអាងថា ខ្លួននៅមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបង្កការរាំងស្ទះដល់ច្រកសមុទ្រ ហ័រមូស (Hormuz) និងធ្វើឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ក្នុងភាពវឹកវរនោះទេ។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អាមេរិកបាន «កម្ទេចទាំងស្រុង» លើភាគច្រើននៃកោះនេះទៅហើយ ប៉ុន្តែលោកបានព្រមានយ៉ាងចាស់ដៃថា «យើងអាចនឹងវាយប្រហារវាពីរបីដងទៀត ដើម្បីភាពសប្បាយរីករាយ»។ ការលើកឡើងនេះ គឺជាការបង្កើនកម្រិតសង្គ្រាមយ៉ាងខ្លាំងក្លា ខណៈកន្លងមកលោកធ្លាប់អះអាងថា អាមេរិកគ្រាន់តែតម្រង់គោលដៅលើទីតាំងយោធានៅលើកោះនេះតែប៉ុណ្ណោះ។ សកម្មភាពនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្សជាង ២,០០០នាក់រួចទៅហើយនោះ ត្រូវជួបនឹងភាពជាប់គាំង។

ទោះបីជាលោក ត្រាំ បានដាក់លក្ខខណ្ឌតឹងរ៉ឹងជាច្រើន រួមទាំងការទាមទារសិទ្ធិជ្រៀតជ្រែកក្នុងការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ និងការរំសាយកម្មវិធីនុយក្លេអ៊ែរ ក៏ដោយ ក៏លោកបានបង្ហើបប្រាប់ NBC ថា ទីក្រុងតេហេរ៉ង់ហាក់ចង់ធ្វើកិច្ចព្រមព្រៀងដែរ ប៉ុន្តែ «លក្ខខណ្ឌនៅមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ»។ ក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដោយលើកឡើងពីលទ្ធភាពដែលថា មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei អាចនឹងត្រូវបានសម្លាប់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថា លោក Khamenei នៅមានសុខភាពល្អពេញលេញ និងកំពុងដឹកនាំស្ថានភាពរដ្ឋដដែល៕






 

Powered by Blogger.