អ៊ុយក្រែនទាមទារថវិកា និងបច្ចេកវិទ្យា ជាថ្នូរនឹងការជួយទប់ទល់ដ្រូនអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនកំពុងស្វែងរកការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកវិទ្យា ជាថ្នូរនឹងការចែករំលែកជំនាញរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ជូនដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា
អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញ ៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម
អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី ដើម្បីវាយតម្លៃ
និងធ្វើការបង្ហាញពីរបៀបប្រតិបត្តិការប្រព័ន្ធការពារដ្រូន។ លោកសង្កត់ធ្ងន់ថា «សម្រាប់ពួកយើងនាពេលនេះ ទាំងបច្ចេកវិទ្យា និងថវិកា
គឺពិតជាមានសារៈសំខាន់ណាស់»។
អ៊ុយក្រែនដែលមានបទពិសោធន៍រាប់ឆ្នាំក្នុងការបាញ់ទម្លាក់ដ្រូន Shahed ជារៀងរាល់យប់ ដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា
និងដ្រូនទំហំតូចដែលមានតម្លៃថោក បានបង្ហាញពីប្រសិទ្ធភាពខ្ពស់
ដែលបណ្តាប្រទេសជាច្រើនកំពុងចង់បាន។
ក្នុងពេលដែលអ៊ុយក្រែនព្យាយាមដំឡើងថ្លៃ «ជំនាញ» របស់ខ្លួន លោក ហ្សេលេនស្គី
បានសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះ
នៅតែមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធប្រឆាំងដ្រូន
ដែលមានតម្លៃរហូតដល់ ៣៥ ទៅ ៥០ពាន់លានដុល្លារ។ លោកបានបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ថា
តើទីក្រុងវ៉ាស៊ីនតោននឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះដែរឬទេ។ ទន្ទឹមគ្នានេះ លោក
ហ្សេលេនស្គី ក៏បានព្រមានចំៗទៅកាន់ក្រុមហ៊ុនអ៊ុយក្រែន និងរដ្ឋាភិបាលបរទេសមួយចំនួន
ដែលព្យាយាមធ្វើកិច្ចព្រមព្រៀងទិញលក់ឧបករណ៍ប្រឆាំងដ្រូន
ដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីទីក្រុងកៀវនោះឡើយ៕ (Reuters)

Post a Comment