គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសប្ដាហ៍នេះបានចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល ជាមួយការអះអាងថាទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការបំពាក់ អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង
KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា
ឆ្នាំ២០២៦ បានឱ្យដឹងថា ការធ្វើតេស្ដខាងលើ ក្នុងនោះរួមមានការបាញ់មីស៊ីលគ្រូស
កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានដឹកនាំមហាសន្និបាតគណបក្សពលករ៥ឆ្នាំម្ដង
ជាទីដែលលោកបានប្រកាសជាថ្មីពីគោលដៅពង្រឹងសមត្ថភាព
និងប្ដេជ្ញាធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លាទៅនឹងការគំរាមកំហែងទាំងឡាយ។
ការធ្វើតេស្ដនេះក៏ធ្វើឡើងផងដែរចំពេលសត្រូវរបស់កូរ៉េខាងជើង
គឺសហរដ្ឋអាមេរិកបានពួតដៃគ្នាជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់
ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។
តាម KCNA លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារកន្លងទៅ
បានចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon។ «ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក
កំពុងស្ថិតក្នុងដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់»។
នេះជាការគូសបញ្ជាក់របស់លោក គីម។
សូមជម្រាបថា Choe Hyon ជានាវាពិឃាដមួយក្នុងចំណោមនាវាពិឃាដ២គ្រឿងរបស់កូរ៉េខាងជើង។
នាវាពិឃាដនេះមានទម្ងន់ ៥០០០តោន ហើយនាវាពិឃាតទី៣ កំពុងស្ថិតនៅក្រោមការសាងសង់៕ (AFP)

Post a Comment