រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ទាត់ចោលលទ្ធភាពចរចាជាមួយអាមេរិក និងប្តេជ្ញាបន្តការប្រយុទ្ធ

តេហេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាថ្ងៃអង្គារ ទី១០ ខែមីនា បាននិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈដើម្បីបន្តការប្រយុទ្ធដរាបណាវានៅតែចាំបាច់ ហើយបានច្រានចោលលទ្ធភាពចរចាគ្នា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សង្រ្គាមជាមួយអ៊ីរ៉ង់នឹងចប់ទៅវិញ ក្នុងពេលឆាប់ៗ។

លោក Abbas Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក PBS News ថា អ៊ីរ៉ង់បានត្រៀមលក្ខណៈ ដើម្បីបន្តការវាយប្រហារមីស៊ីល ហើយការចរចាជាមួយសហរដ្ឋអាមេរិក គឺលែងស្ថិតក្រោមរបៀបវារៈទៀតហើយ។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានព្យាករថាសង្រ្គាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ប៉ុន្តែបានគំរាមបង្កើនការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ប្រសិនបើតេហេរ៉ង់ បិទខ្ទប់ការដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ សង្រ្គាមរវាងអាមេរិកនិងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់នាពេលនេះ បានឈានចូលសប្តាហ៍ទី២ហើយ។

សូមជម្រាបថា អ៊ីរ៉ង់បានរងការវាយប្រហារទាំង២លើក អំឡុងពេលចរចាគ្នាជាមួយអាមេរិក។ អំឡុងការចរចាបញ្ហានុយក្លេអ៊ែរ កាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែលស្រាប់តែបានបើកការវាយប្រហារលើអ៊ីរ៉ង់ ជាហេតុនាំឱ្យការចរចាពេលនោះដួលរលំ និងបង្កជាសង្រ្គាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ។ សង្រ្គាមលើកនេះ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ពេលទីក្រុងតេហេរ៉ង់ កំពុងព្យាយាមចរចាសាជាថ្មី ជាមួយទីក្រុងវ៉ាស៊ីនតោន៕ (AFP)




 

 

Powered by Blogger.