មេអាវុធហត្ថខេត្តកែប ចាត់តំណាងចុះសួរសុខទុក្ខ និងនាំអំណោយជូនគ្រួសារកងរាជអាវុធហត្ថមានជំងឺ និងអតីតយោធិនចូលនិវត្តន៍
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាអតីតយុទ្ធជន កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានចាត់តំណាងឱ្យដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាលើកទឹកចិត្ត ជូនដល់គ្រួសារកងរាជអាវុធហត្ថដែលមានជំងឺ និងអតីតយោធិនចូលនិវត្តន៍ក្នុងខេត្ត។
ប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក សេស សុផល
និងលោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
បានចុះទៅដល់លំនៅឋានផ្ទាល់របស់គ្រួសារកងរាជអាវុធហត្ថដែលកំពុងសម្រាកព្យាបាលជំងឺ
និងអតីតយោធិនកងរាជអាវុធហត្ថដែលបានចូលនិវត្តន៍ សរុបចំនួន ១២គ្រួសារ។
ក្នុងឱកាសសំណេះសំណាលនោះ លោកមេបញ្ជាការរង
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ
ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ
ក៏ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែចងចាំ
និងដឹងគុណចំពោះការលះបង់ កម្លាំងកាយចិត្តរបស់បងប្អូនយោធិន
ក្នុងការបម្រើជាតិមាតុភូមិកន្លងមក។
អំណោយ និងការឧបត្ថម្ភ ដើម្បីជួយសម្រាលបន្ទុកជីវភាព
និងជាការលើកទឹកចិត្តដល់គ្រួសារនីមួយៗ ក្រុមការងារបានផ្ដល់ជូននូវអំណោយ រួមមាន៖ អង្ករ៖
១ បាវ,
មី៖ ១ កេស, ទឹកសុទ្ធ៖ ១ កេស, ទឹកត្រី៖ ១ យួរ, ទឹកស៊ីអ៊ីវ៖ ១ យួរ, ត្រីខកំប៉ុង៖ ១ យួរ និងថវិកា៖ មួយចំនួន។
សរុបថវិកាដែលបានចំណាយក្នុងសកម្មភាពសប្បុរសធម៌នាឱកាសនេះ មានចំនួន ៣,០០២,០០០ រៀល។
សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារៈប៉ុណ្ណោះទេ
ប៉ុន្តែវាគឺជាការបង្ហាញនូវ "សាមគ្គីភាព និងវប្បធម៌ជួយគ្នា"
នៅក្នុងអង្គភាពកងរាជអាវុធហត្ថ។ ការមិនបោះបង់មិត្តរួមអាវុធ
ទោះបីស្ថិតក្នុងស្ថានភាពមានជំងឺ ឬចូលនិវត្តន៍ទៅហើយក្តី
គឺជាស្មារតីដ៏រឹងមាំដែលលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា តែងតែជំរុញ និងអនុវត្តជាប្រចាំ
ដើម្បីពង្រឹងកម្លាំងចិត្ត និងជីវភាពរបស់គ្រួសារកងរាជអាវុធហត្ថខេត្តកែបទាំងមូល៕









Post a Comment