ថ្លៃដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ា ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
បរទេស៖ ទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុ LSEG មានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ បង្ហាញថាតម្លៃជួលនាវាយក្សដឹកប្រេង ដើម្បីដឹកជញ្ជូនប្រេងចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺជាង ៤០០ ០០០ដុល្លារក្នុងមួយថ្ងៃ ខណៈជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងតេហេរ៉ង់ កំពុងកំណត់គោលដៅលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz។
LSEG បញ្ជាក់ថា
ថ្លៃដឹកជញ្ជូនគិតត្រឹមថ្ងៃចន្ទ ទី២ ខែមីនា គឺ ៤២៣
៧៣៦ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ តម្លៃនេះជាការកើនឡើងទ្វេដងគិត
ចាប់ពីថ្ងៃសុក្រសប្តាហ៍មុន និងបន្តកើនឡើងពីកម្រិតខ្ពស់ក្នុងរយៈពេល
៦ឆ្នាំ ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់
និងបានសម្លាប់មេដឹកនាំកំពូល Ayatollah Khamenei កាលពីថ្ងៃសៅរ៍។
ដើម្បីសងសឹក អ៊ីរ៉ង់បានវាយប្រហារប្រទេសឈូងសមុទ្រ
ដែលនាំឱ្យមានការបិទរោងចក្រប្រេង និងឧស្ម័ននៅទូទាំងតំបន់មជ្ឈិមបូព៌ា
ជំរុញឱ្យតម្លៃប្រេងហក់ឡើង។ ប្រេងឆៅប្រភេទ Brent បានកើនឡើង ៧.៣ភាគរយកាលពីថ្ងៃចន្ទ ហើយកើនថែម
១.៤៣ភាគរយទៀតនៅក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ។
នៅក្នុងទីផ្សារឧស្ម័នធម្មជាតិវិញ
តម្លៃឧស្ម័នធម្មជាតិរាវ (LNG)
ស្តង់ដារអឺរ៉ុប និងអាស៊ីបានកើនឡើងប្រហែល
៤០ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋកាតា
ប្រកាសបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ ដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់៕ (CNA)

Post a Comment