អាមេរិកប្រកាសបិទទ្វារស្ថានទូតនៅអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត ក្រោយរងការវាយប្រហារសងសឹកពីអ៊ីរ៉ង់

មជ្ឈិមបូព៌ា៖ នាថ្ងៃអង្គារ ទី៣ ខែមីនា សហរដ្ឋអាមេរិក បានប្រកាសបិទទ្វារស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត បន្ទាប់ពីរងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។

ស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដនៃអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួនសម្រេចបិទទ្វារ និងលុបចោលការផ្តល់សេវាកម្មទាំងអស់ នាថ្ងៃអង្គារនេះ ក្រោយស្ថិតក្រោមការវាយប្រហារដោយយន្តហោះដ្រូន ដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ និងការខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។ ចំណែកឯស្ថានទូតអាមេរិកនៅកូវ៉ែតវិញ ក៏បានចេញសេចក្តីប្រកាសបិទទ្វារជាបណ្តោះអាសន្នផងដែរ រហូតដល់មានការជូនដំណឹងថ្មី ដោយសារតែភាពតានតឹងក្នុងតំបន់។

សូមជម្រាបថា ភ្លើងជម្លោះមជ្ឈិមបូព៌ាបានឆាបឆេះឡើង ក្រោយការបំផ្ទុះសង្រ្គាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានសម្លាប់ក្រុមមន្រ្តីជាន់ខ្ពស់របស់អ៊ីរ៉ង់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារ ដោយមីស៊ីលនិងយន្តហោះដ្រូន លើអ៊ីស្រាអែលព្រមទាំង​ក្រុមប្រទេសឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិក នៅពាសពេញតំបន់៕ (AFP)



 

Powered by Blogger.