តួកគី ៖ សង្គ្រាមនៅអ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់ មុនពេលមជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្លើងសង្គ្រាម
អង់ការ៉ា៖ នាថ្ងៃពុធ ប្រធានាធិបតីតួកគី លោក តៃយីប អេរដូហ្គាន់ (Tayyip Erdogan) បានព្រមានយ៉ាងខ្លាំងៗថា សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ជាបន្ទាន់ មុនពេលដែលតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវតែផ្តល់ឱកាសឱ្យវិធានការការទូត ដើម្បីបញ្ចប់ជម្លោះដ៏គ្រោះថ្នាក់នេះ។
ថ្លែងទៅកាន់សមាជិកសភា លោក អេរដូហ្គាន់
បានបញ្ជាក់ថា តួកគីកំពុងប្រតិបត្តិការដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត
ដើម្បីការពារប្រទេសខ្លួនពីភ្លើងសង្គ្រាម ដែលកំពុងហ៊ុមព័ទ្ធតួកគីពីគ្រប់ទិសទី។
នាពេលថ្មីៗនេះ ប្រព័ន្ធការពារដែនអាកាសរបស់ណាតូ (NATO) នៅក្នុងប្រទេសតួកគី បានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ចំនួន២គ្រាប់
ដែលហោះសំដៅមកកាន់មូលដ្ឋានយោធា និងរ៉ាដាដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក។
ឆ្លើយតបនឹងរឿងនេះ លោក អេរដូហ្គាន់ បានបញ្ជាក់ថា តួកគីកំពុងសកម្មធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ
ដើម្បីស្វែងរកសន្តិភាព។
ទោះបីជាលោក អេរដូហ្គាន់
បានរិះគន់ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលថាជា «ការបំពានច្បាប់អន្តរជាតិ»
ក៏ដោយ ប៉ុន្តែលោកនៅតែចៀសវាងមិនហ៊ានបញ្ចេញឈ្មោះលោក ដូណាល់ ត្រាំ
ដោយផ្ទាល់ឡើយ ដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយប្រធានាធិបតីអាមេរិក។
យ៉ាងណាមិញ លោក Ozgur Ozel មេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់តួកគី
បានរិះគន់ថា «ភាពស្ងៀមស្ងាត់» របស់លោក
អេរដូហ្គាន់ មិនមែនជាគោលនយោបាយអព្យាក្រឹត្យនោះទេ
ប៉ុន្តែវាជាការបើកដៃឱ្យសហរដ្ឋអាមេរិកបន្តប្រើប្រាស់កម្លាំងយោធាដោយមិនគិតពីផលប៉ះពាល់ដល់សន្តិសុខតួកគី៕

Post a Comment