លោកជំទាវបណ្ឌិត ជា សិរី៖ ឆ្នាំ២០២៥ កម្ពុជារក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្ម (Staff Visit) ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ជំនួបនេះ
បានធ្វើឡើងក្នុងគោលបំណងពិភាក្សាជាមួយអាជ្ញាធរ និងវិស័យឯកជន
ដើម្បីស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ
ទស្សនវិស័យនាពេលអនាគត និងគោលនយោបាយនានា។
លោកជំទាវទេសាភិបាលបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥
ដោយបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ
និងកម្រិតទាបនៃអត្រាអតិផរណា។ លើសពីនេះ
លោកជំទាវក៏បានលើកឡើងពីការដាក់ចេញវិធានការនានាជាបន្តបន្ទាប់
សំដៅផ្តល់ជាដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗ ដូចជាបញ្ហាកើតចេញពីជម្លោះព្រំដែន
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
និងការដាក់ឱ្យជម្រះបញ្ជីសម្រាប់គ្រឹះស្ថានធនាគារស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ជាដើម។
ក្នុងឱកាសនេះដែរ
លោក Kenichiro
បានជម្រាបជូនលោកជំទាវទេសាភិបាល
ពីគោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មនាពេលនេះ ជាពិសេសការគាំទ្ររបស់ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍
និងវគ្គបណ្តុះបណ្តាលនានាសម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តី-បុគ្គលិកឱ្យបានកាន់តែប្រសើរថែមទៀត។
គួររំលេចថា
បន្ទាប់ពីបានជួបសម្តែងការគួរសមជាមួយលោកជំទាវទេសាភិបាលរួចមក
ក្រុមបេសកកម្មក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា
ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាពប្រព័ន្ធធនាគារ
និងបញ្ហាប្រឈមនានាផងដែរ៕






Post a Comment