ព្រះមហាក្សត្រ ចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងដូច្នេះថា៖
«ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមជាមួយព្រះសង្ឃ
និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៨ នៅថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦។
ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ
ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា
សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។
កេរដំណែលវប្បធម៌ដ៏សម្បូរបែប
ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ
នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ប្រកបដោយចីរភាព។ យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា
ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម
សេចក្ដីថ្លៃថ្នូរនិងកិត្យានុភាពជាតិ។
ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ
បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិ
ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន
ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌
ទំនៀមទម្លាប់ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ
រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
សូមឧទ្ទិសឱ្យទិវាវប្បធម៌ជាតិ
ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាមទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ
សូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ
ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ
កុំបីឃ្លៀងឃ្លាតឡើយ»៕


Post a Comment