សភាតំណាងរាស្ត្រអាមេរិកទាត់ចោលដំណោះស្រាយអំណាចសង្រ្គាម ដោយគាំទ្រសង្រ្គាមរបស់លោក ត្រាំ ប្រឆាំងអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បានទាត់ចោលកិច្ចប្រឹងប្រែងមួយដើម្បីបញ្ឈប់សង្រ្គាមតាមផ្លូវអាកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងអ៊ីរ៉ង់ និងតម្រូវថារាល់សកម្មភាពអរិភាពទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ត្រូវឆ្លងកាត់ការអនុញ្ញាតពីសភាជាមុនសិន ដែលនេះជាការគាំទ្រដល់សង្រ្គាមរបស់លោក ត្រាំដែល បានឈានចូលដល់ថ្ងៃទី៧។
ការបោះឆ្នោតលើដំណោះស្រាយអំណាចសង្រ្គាម ឬ war
powers resolution ធ្វើឡើងក្នុងសំឡេងជំទាស់២១៩
ទល់នឹងសំឡេងគាំទ្រ២១២ នៅក្នុងសភាតំណាងរាស្ត្រជាទីដែល គណបក្សសាធារណរដ្ឋរបស់លោក
ត្រាំ ក្ដាប់សំឡេងភាគច្រើនតិចតួច។ ក្នុងការបោះឆ្នោតនោះដែរ
សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ២រូបបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ
រីឯសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ៤នាក់បានបោះឆ្នោតជំទាស់។
ក្រុមអ្នកសាធារណរដ្ឋ និងអ្នកគាំទ្រលោក ត្រាំ
បានចោទប្រកាន់ថាគណបក្សប្រជាធិបតេយ្យបានរៀបចំការបោះឆ្នោតនេះឡើង
ដោយសារតែពួកគេប្រឆាំងនឹងលោក ត្រាំ តែប៉ុណ្ណោះ
ដោយមិនបានគិតគូរពីការកើនឡើងហានិភ័យចំពោះប្រជាជនអាមេរិកនោះទេ។
ប៉ុន្តែសម្រាប់អ្នកគាំទ្រវិញ ការបោះឆ្នោតនេះគឺជាការប៉ុនប៉ងមួយដើម្បីប្រគល់កាតព្វកិច្ចទៅឱ្យសភាវិញ
ដែលជាអ្នកមានសិទ្ធិប្រកាសសង្រ្គាមដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក។
សូមជម្រាបថា ការចង់យកដំណោះស្រាយអំណាចសង្រ្គាម
ឬ war
powers resolution មកប្រើ គឺមានគោលដៅតម្រូវឱ្យលោកប្រធានាធិបតី
ត្រាំ ដកកងកម្លាំងអាមេរិកចេញពី ការវាយប្រហារលើអ៊ីរ៉ង់
រហូតទាល់តែសភាអាមេរិកអនុញ្ញាតឱ្យបន្តធ្វើប្រតិបតិ្តការតាមរយៈការប្រកាសសង្រ្គាម
ឬក៏មានការអនុញ្ញាតជាពិសេសណាមួយក្នុងការប្រើប្រាស់កម្លាំងយោធា។
នៅក្រោមដំណោះស្រាយនេះដែរ លោក ត្រាំ មានពេល៦០ថ្ងៃដើម្បីបញ្ឈប់សង្រ្គាម
ឬក៏ត្រូវស្នើទៅកាន់សភាដើម្បីបន្តធ្វើសង្រ្គាម៕ (Reuters)

Post a Comment