កម្ពុជា-លុចសំបួ គ្រោងចុះកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍជំនាញសម្រាប់យុវជន ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ដោយក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ផ្នែកការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួង។
នាឱកាសនោះ ឯកឧត្តម ហេង សួរ
បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថូមាស់ និងសហការី
និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រទេសលុចសំបួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា
ក៏ដូចជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព
នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស
និងសេវាសង្គម។ ដោយឡែក ចំពោះខេត្តទាំងពីរ ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាល
ក៏វាជាខេត្តស្ថិតក្នុងរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាដែរ
ហើយការចាប់ផ្តើមនៅខេត្តទាំងនេះ នឹងក្លាយជាគន្លឹះដ៍សំខាន់
ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល។
ឯកឧត្តមរដ្ឋមន្រ្តី និងលោក ថូមាស់
បានស្នើឱ្យមន្រ្តីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និងទីភ្នាក់ងារអភិវឌ្ឍន៍លុចសំបួ
បន្តពិភាក្សាគ្នាលើការដាក់ឱ្យដំណើរការអនុវត្តគម្រោងនេះ
ដើម្បីឈានទៅសម្រេចបាននូវការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចុងឆ្នាំ២០២៦ នេះ។ កិច្ចសហការនេះកើតមានឡើង
បន្ទាប់ពីគណៈប្រតិភូប្រទេសលុចសំបួបានអញ្ជើញទៅទស្សនកិច្ចកម្មវិធី TVET
ក្នុងខេត្តទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២៥។
ជាមួយនឹងគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ដថា
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ ដោយមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ
ដើម្បីសម្រេចផែនការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)
នៅក្នុង ឆ្នាំ២០២៩។ ហេតុនេះ ការអភិវឌ្ឍមូលធនមនុស្ស
តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET (រួមទាំងកម្មវិធី
TVET 1.5M) គឺជាស្នូលដ៏ចាំបាច់។ ទន្ទឹមនឹងនេះ
លោករដ្ឋមន្រ្តីបានលើកឡើងថា លទ្ធផលផ្លែផ្កា នៃការសម្រេចបាននូវកិច្ចសហការ
នៅក្នុងថ្ងៃនេះ គឺបានកើតចេញពីលទ្ធផលនៃជំនួបទ្វេភាគីនាពេលកន្លងមក
ដោយឯកឧត្តមបានគូសបញ្ជាក់ថា លុចសំបួ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់
ដែលផ្តល់តម្លៃរួមក្នុងការគាំទ្រលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ផលិតភាព ឱកាសការងារ
ការពារសង្គម និងកំណើនដែលរួមបញ្ចូល ប្រកបដោយចីរភាព
ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ជាការឆ្លើយតប លោក ថូមាស់ បានថ្លែងអំណរគុណ
និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា
ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយលោកបានលើកឡើងពីការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា
និងលុចសំបួ ដែលឈានដល់ការបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍
នៃប្រទេសលុចសំបួនៅកម្ពុជាកាលពីខែតុលា ឆ្នាំ២០២៥
ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា
តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។
ជាមួយនឹងការផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលអនាគត
លោករដ្ឋមន្រ្តី និង លោក ថូមាស់
ក៏បានពិភាក្សាលើការកំណត់គម្រោងសហប្រតិបត្តិការជាក់ស្ដែង និងអាទិភាពផ្សេងៗទៀតដែរ
ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា
ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង
ជាពិសេសការពង្រីកកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត
និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរជាដើម។
ជាទីបញ្ចប់ រដ្ឋមន្រ្តី ហេង សួរ
បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោក ថូមាស់
និងសហការីសម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាពិសេសសម្រាប់ការបញ្ជាក់ជាថ្មីនូវការបន្តការគាំទ្រ
និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា
កិច្ចសហការរួមនេះនឹងកាន់តែរឹងមាំបន្ថែមទៀត
ក្នុងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕



Post a Comment