សហរដ្ឋអាមេរិក អះអាងថាបាញ់ពន្លិចនាវាអ៊ីរ៉ង់ច្រើនជាង ៣០គ្រឿង

វ៉ាស៊ីនតោន៖ មន្ត្រីយោធាកំពូលម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាអ៊ីរ៉ង់ច្រើនជាង ៣០គ្រឿង អំឡុងសង្រ្គាមដែលកំពុងកើតឡើង ខណៈការវាយប្រហារដោយមីស៊ីល និងដ្រូនដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានថយចុះគួរឱ្យកត់សម្គាល់។

ឧត្តមនាវីអាមេរិក លោក Brad Cooper ជាមេបញ្ចាការនៃទីបញ្ជាការយោធាអាមេរិក CENTCOM បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ បានថយចុះ៩០ភាគរយបើធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម ខណៈការវាយប្រហារដោយដ្រូនក៏បានថយចុះ៨៣ភាគរយផងដែរ ធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម។

បើតាមលោក Cooper សហរដ្ឋអាមេរិកមិនត្រឹមតែកំពុងបំផ្លាញមីស៊ីលអ៊ីរ៉ង់ប៉ុណ្ណោះទេ តែក៏កំពុងព្យាយាមបំផ្លាញសមត្ថភាពផលិតមីស៊ីលបាលិស្ទីគរបស់អ៊ីរ៉ង់ទៅថ្ងៃមុខផងដែរ។

សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានសងសឹកវិញដោយបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើបណ្ដាប្រទេសជាច្រើនដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា៕ (AFP)

 


Powered by Blogger.