ត្រាំ អះអាងថា អាមេរិកមានសព្វាវុធស្តុកទុកគ្រប់គ្រាន់ ដើម្បីធ្វើសង្គ្រាមជារៀងរហូត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនាថ្ងៃអង្គារនេះថា យោធាអាមេរិកមានសព្វាវុធស្តុកទុកច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើសង្គ្រាមបាន «ជារៀងរហូត»។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោក កំពុងបន្តយុទ្ធនាការសង្គ្រាមគ្មានកាលកំណត់លើប្រទេសអ៊ីរ៉ង់។
តាមរយៈសារនៅលើបណ្តាញសង្គម លោក ត្រាំ
បានសង្កត់ធ្ងន់ថា អាមេរិកមានការផ្គត់ផ្គង់គ្រាប់រំសេវស្ទើរតែឥតដែនកំណត់
ដោយលោកបានសរសេរថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបាន «ជ័យជម្នះដ៏ធំធេង» ខណៈការវាយប្រហារនេះបានឈានចូលដល់ថ្ងៃទី៤ហើយ។
ថ្លែងក្នុងពិធីបំពាក់មេដាយកិត្តិយសនៅសេតវិមាន លោក ត្រាំ
មិនបានបញ្ជាក់លម្អិតពីពេលវេលានៃការបញ្ចប់សង្គ្រាមនោះទេ
ប៉ុន្តែលោកធ្លាប់ព្យាករណ៍ថាអាចប្រើពេលពី ៤ ទៅ ៥សប្តាហ៍
ហើយបច្ចុប្បន្នប្រតិបត្តិការនេះកំពុងដើរលឿនជាងការរំពឹងទុកទៅទៀត។
សូមជម្រាប ថា ទោះបីជាលោក ត្រាំ
ធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោត ថានឹងមិនផ្តើមសង្គ្រាមថ្មី
និងងាក មកផ្តោតលើសេដ្ឋកិច្ចក៏ដោយ ក៏ពេលនេះលោកកំពុងដឹកនាំសង្គ្រាមនៅមជ្ឈិមបូព៌ា
ដែលរហូតមកទល់ពេលនេះ
លោកមិនទាន់បានថ្លែងសារផ្លូវការតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅឡើយទេ។ ចំណាត់ការនេះ
កំពុងរងការរិះគន់ពីសំណាក់អ្នកមានឥទ្ធិពលក្នុងចលនា MAGA មួយចំនួន
ទោះបីជាគណបក្សសាធារណរដ្ឋភាគច្រើននៅតែបន្តគាំទ្រក៏ដោយ ដែលនេះអាចជាហានិភ័យនយោបាយមួយ
សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ៕

Post a Comment