លោក ហ៊ួរ មិថុនា ចុះសិក្សាគម្រោងដំឡើងប្រព័ន្ធលូបង្ហូរទឹកនៅសាលាពងទឹក ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងរុញច្រានឱ្យក្លាយជាសាលាគំរូ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប និងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះពិនិត្យ និងសិក្សាជាក់ស្តែងលើគម្រោងដំឡើងប្រព័ន្ធលូបង្ហូរទឹក ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យពងទឹក។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ូ មិថុនា
មានប្រសាសន៍ថា សកម្មភាពចុះសិក្សានេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាទឹកជំនន់ជក់
ដែលតែងតែលិចលង់ក្នុងបរិវេណសាលារៀនជារៀងរាល់រដូវវស្សា ស្ថិតក្នុងភូមិរនេស ឃុំពងទឹក
ស្រុកដំណាក់ចង្អើរ។ ការអន្តរាគមន៍នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់សិស្សានុសិស្ស
ក៏ដូចជាលោកគ្រូអ្នកគ្រូ ឱ្យជៀសផុតពីការរំខានដោយសារគ្រោះធម្មជាតិ។
លោកបន្តថា ការរៀបចំប្រព័ន្ធរំដោះទឹកនេះ
មិនត្រឹមតែជាការដោះស្រាយបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ
ប៉ុន្តែគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍសាលារៀននេះឱ្យក្លាយទៅជា
«សាលាគំរូ» ប្រចាំស្រុកដំណាក់ចង្អើរ។
គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់៖ ការលើកកម្ពស់សោភ័ណភាព
និងបរិស្ថានសិក្សាឱ្យកាន់តែស្រស់បំព្រង។ ការធានានូវសុខុមាលភាព
និងអនាម័យសម្រាប់សិស្សានុសិស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមាននិរន្តរភាព។
ក្នុងឱកាសចុះពិនិត្យនោះ លោក ហ៊ួរ មិថុនា
បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តតាមដាន
និងជំរុញការអនុវត្តគម្រោងនេះឱ្យបានឆាប់រហ័ស និងមានគុណភាពខ្ពស់បំផុត
ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ក៏ដូចជាការយកចិត្តទុកដាក់លើវិស័យអប់រំដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
ក្នុងនាមរដ្ឋបាលខេត្តកែប លោក ហ៊ួរ មិថុនា សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់
និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងល្អប្រសើរ
ដើម្បីបុព្វហេតុអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចម្រើន៕












Post a Comment