កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ (២០២៥-២០៣០) ពង្រឹងសុខុមាលភាពកុមារ និងមូលធនមនុស្ស

ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់ភាពកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងផែនការ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០» នៅសណ្ឋាគារ សាន់ & មួន រីវើសាយ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនយ៉ាងច្រើនកុះករ។

យុទ្ធសាស្ត្រជាតិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា តាមរយៈការកែច្នៃ និងបន្ថែមមីក្រូសារជាតិសំខាន់ៗទៅក្នុងចំណីអាហារមូលដ្ឋាន។ ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តោតសំខាន់លើការដោះស្រាយបញ្ហាកង្វះវីតាមីន និងសារធាតុរ៉ែ ដែលជាមូលហេតុចម្បងបង្កឱ្យមានភាពស្លេកស្លាំង និងការយឺតយ៉ាវក្នុងការលូតលាស់ ជាពិសេសចំពោះស្ត្រី និងកុមារ។

ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញមានសមិទ្ធផលគួរឱ្យកត់សម្គាល់តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារដល់កុមារនៅតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ «អង្ករបញ្ចូលមីក្រូសារជាតិ»។ អង្ករប្រភេទនេះ ត្រូវបានបន្ថែមនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក (Iron), ជាតិអ៊ីយ៉ូត (Iodine) និងវីតាមីន A ជាដើម។

យន្តការនេះមិនត្រឹមតែជួយឱ្យកុមារមានសុខភាពមាំមួន និងមានថាមពលក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍបញ្ញាស្មារតីរបស់កុមារតាំងពីតូចទៅ។

សូមជម្រាបថា ចំណុចគន្លឹះនៃយុទ្ធសាស្ត្រជាតិ ២០២៥-២០៣០ នៃយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០រួមមាន ១. ការពង្រឹងកិច្ចសហការ៖ បង្កើនការសម្របសម្រួលរវាងអន្តរស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន (រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសផលិតគ្រឿងឧបភោគបរិភោគ)។ ២. ការវិនិយោគលើអាហារមូលដ្ឋាន៖ ជំរុញការបញ្ចូលសារធាតុចិញ្ចឹមទៅក្នុងផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃ រួមមាន អង្ករ អំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ។ និង៣. ចក្ខុវិស័យវែងឆ្ងាយ៖ យុទ្ធសាស្ត្រនេះគឺជាផ្នែកមួយនៃការគាំទ្រដល់គោលនយោបាយជាតិអភិវឌ្ឍន៍ និងចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដើម្បីកសាងមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួររំលឹកផងដែរថា ក្នុងពិធីប្រកាសនេះ តំណាងរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាកិច្ចការអាទិភាព។ ការរួមគ្នារវាងគោលនយោបាយកម្រិតជាតិ និងការអនុវត្តជាក់ស្តែងនៅតាមសាលារៀន នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកែប្រែវាសនារបស់កុមារកម្ពុជា ឱ្យមានអនាគតដ៏ភ្លឺស្វាង និងមានសុខភាពល្អបរិបូរណ៍៕









Powered by Blogger.