ពលរដ្ឋវ៉េណេស៊ុយអេឡា នាំគ្នាដើរដង្ហែក្បួនទាមទារឱ្យអាមេរិកដោះលែង ប្រធានាធិបតី Nicolas Maduro
ការ៉ាកាស៖ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ប្រជាជនវ៉េណេស៊ុយអេឡារាប់ពាន់នាក់ ដែលគាំទ្រប្រធានាធិបតី លោក Nicolas Maduro បាននាំគ្នាដើរដង្ហែក្បួននៅរដ្ឋធានីការ៉ាកាស ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិក ដោះលែងរូបលោកវិញ។
ក្នុងការដើរដង្ហែក្បួននោះ
ប្រជាជនវ៉េណេស៊ុយអេឡា នាំគ្នាស្រែកថា ប្រទេសវ៉េណេស៊ុយអេឡា ត្រូវការលោក Maduro ហើយទាមទារឱ្យសហរដ្ឋអាមេរិក ដោះលែងប្រធានាធិបតីរបស់ពួកគេមកវិញ។ អ្នកទាំងនោះ
បានកាន់រូបថតលោក Maduro
និងភរិយារបស់លោក គឺលោកស្រី Cilia Flores ដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់ ដោយកងកម្លាំងយោធាអាមេរិក កាលពីថ្ងៃទី៣
ខែមករា ហើយឥឡូវកំពុងជាប់ឃុំឃាំងនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំការកាត់ទោស
ក្រោមការចោទប្រកាន់បទល្មើសពាក់ព័ន្ធគ្រឿងញៀន។
ក្រោយពេលលោក Maduro ត្រូវបានចាប់ខ្លួន លោកស្រី Delcy Rodriguez បានឡើងជាប្រធានាធិបតីស្តីទី
ហើយលោកស្រី កំពុងព្យាយាមស្វែងរកតុល្យភាព រវាងការរក្សាការគាំទ្រពីទីក្រុងវ៉ាស៉ីនតោន
ហើយនិងការគាំទ្រពីមន្រ្តីដែលជាមនុស្សរបស់លោក Maduro នៅក្នុងជួររដ្ឋាភិបាល ក៏ដូចជាពីប្រជាជនវ៉េណេស៊ុយអេឡាផ្ទាល់។
ប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា រូបលោកមានឆន្ទៈបន្តធ្វើការជាមួយលោកស្រី Rodriguez ដរាបណាលោកស្រី ដើរតាមគោលដៅរបស់ទីក្រុងវ៉ាស៉ីនតោន
ជាពិសេសបើកចំហធនធានប្រេងបម្រុងដ៏ធំមហាសាលរបស់ប្រទេសវ៉េណេស៊ុយអេឡា
ដល់សហរដ្ឋអាមេរិក។
សូមជម្រាបថា
ដោយរងសម្ពាធពីអាមេរិក លោកស្រី Rodriguez ក៏បានចាប់ផ្តើមដោះលែងអ្នកទោសនយោបាយជាច្រើនផងដែរ
ខណៈលោកស្រីធ្លាប់ជាអ្នកគាំទ្រដ៏រឹងមាំម្នាក់ របស់លោក Maduro និងបានកាន់តួនាទីជាអនុប្រធានាធិបតីរបស់លោក មុនពេលក្លាយជាប្រធានាធិបតីស្តីទី៕ (AFP)
Post a Comment