ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ នារសៀលថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកែបបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក យង់ ឡេង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តជាច្រើនរូបទៀត។

 បន្ទាប់ពីទទួលបានសេចក្តីប្រកាសតែងតាំង លោក យង់ ឡេង ប្រធានមន្ទីរថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ច គោរពតាមគោលការណ៍ច្បាប់ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តអភិវឌ្ឍវិស័យសង្គមកិច្ចក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរកន្លងមក និងបានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការគិតគូរពីសុខុមាលភាពអតីតយុទ្ធជន និងជនងាយរងគ្រោះឱ្យបានទាន់ពេលវេលា និងតម្លាភាព។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើកិច្ចសហការជិតស្និទ្ធរវាងមន្ទីរជំនាញ និងរដ្ឋបាលខេត្ត ដើម្បីធានាបាននូវសន្តិសុខសង្គម និងការអនុវត្តគោលនយោបាយគាំពារសង្គមឱ្យសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសង្ឃឹមក្នុងការបន្តជំរុញការងារសង្គមកិច្ចឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្រោមការដឹកនាំរបស់ប្រធានមន្ទីរថ្មី៕











Powered by Blogger.