​ស្នងការដ្ឋាននគរបាលខេត្តកំពត រឹតបន្តឹងសណ្តាប់ធ្នាប់សាធារណៈ៖ រថយន្ត ១១ គ្រឿង ត្រូវបានដកហូតបណ្តោះអាសន្ន

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ក្នុងគោលបំណងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះអនុវត្តវិធានការរដ្ឋបាល ដោយបាននាំយកថយន្តចំនួន ១១ គ្រឿង មករក្សាទុកបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាម្ចាស់រថយន្តទាំងនោះបាន ចតបញ្ច្រាសទិសចរាចរណ៍។ 

យ៉ាងណាការអនុវត្តច្បាប់នេះមិនមែនធ្វើឡើងក្នុងបំណងដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែគឺជាការរួមចំណែករៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ។ ថ្នាក់ដឹកនាំស្ថាប័ននគរបាលខេត្តបានសង្កត់ធ្ងន់ថា៖ ​"ការធ្វើបែបនេះ គឺដើម្បីសណ្តាប់ធ្នាប់ខេត្តរបស់យើង។ នៅពេលដែលភ្ញៀវទេសចរមកកម្សាន្ត ហើយឃើញខេត្តមានរបៀបរៀបរយល្អ ការសរសើរមិនមែនសំដៅលើតែសមត្ថកិច្ចនោះទេ ប៉ុន្តែគឺជាការសរសើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលជាម្ចាស់ស្រុកក្នុងការចូលរួមគោរពច្បាប់។"

​ការចតបញ្ច្រាសទិសគឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានការរអាក់រអួលដល់ចរាចរណ៍ជារួម។ ដោយខេត្តកំពតគឺជាគោលដៅទេសចរណ៍ដ៏សំខាន់ ដូច្នេះសណ្តាប់ធ្នាប់តាមដងផ្លូវគឺជាមុខមាត់របស់ខេត្ត។ ចំពោះការដកហូតរថយន្តមករក្សាទុកបណ្តោះអាសន្ន គឺជាការដាស់តឿនឱ្យអ្នកបើកបរដទៃទៀតបង្កើនការប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

​ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងចតយានយន្តឱ្យបានត្រឹមត្រូវតាមទិសដៅដែលបានកំណត់ ដើម្បីរួមគ្នាធ្វើឱ្យខេត្តកំពត ក្លាយជាខេត្តគំរូផ្នែកសណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ជាតិ និងអន្តរជាតិ៕






Powered by Blogger.