អូស្រ្តាលីគ្រោងចំណាយ ២.៧ពាន់លានដុល្លារអាមេរិក ជំរុញកិច្ចប្រឹងប្រែងឆ្ពោះទៅផលិតនាវាមុជទឹកនុយក្លេអ៊ែរ

កង់បេរ៉ា៖ នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក Anthony Albanese បាននិយាយថា​ ខ្លួននឹងចំណាយថវិកា ៣.៩ពាន់ លានដុល្លារអូស្រ្តាលី ឬស្មើនឹង​២.៧៦លានដុល្លារអាមេរិក ដើម្បីជំរុញដំណើរការសាងសង់រោងចក្រផលិតនាវាមួយកន្លែង ដែលនឹងជួយដល់ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងការពារជាតិត្រីភាគី AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ដោយត្រូវបានប្រកាសតាំងពីឆ្នាំ២០២១ AUKUS គឺជាការវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យការពារជាតិ ហើយនៅក្រោម​កិច្ចព្រមព្រៀងនោះ នឹងឃើញនាវាមុជទឹកថ្នាក់ Virginia-class បញ្ជាដោយអាមេរិក ឈរជើងនៅអូស្រ្តាលីចាប់ពីឆ្នាំ២០២៧, នាវាមុជទឹក Virginia ប៉ុន្មានគ្រឿង នឹងត្រូវលក់ឱ្យអូស្រ្តាលី នៅអំឡុងឆ្នាំ២០៣០ ហើយអង់គ្លេសនិងអូស្រ្តាលី រួមគ្នាសាងសង់​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មីសន្លាងមួយ។

លោក Anthony Albanese បានចាត់ទុកថវិកាខាងលើជាកញ្ចប់ថវិកាដំបូង ក្នុងកិច្ចប្រឹងប្រែងសាងសង់រោងចក្រផលិតនាវាថ្មីមួយកន្លែង នៅតំបន់ Osborne ដែលស្ថិតក្នុងរដ្ឋ South Australia។ លោក Albanese បាននិយាយថា ការវិនិយោគក្នុងរោងចក្រផលិតនាវាមុជទឹកនេះ គឺមានសារសំខាន់ជាខ្លាំងដើម្បីនាំមកនូវ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី។ បើតាមលោក Albanese ការវាយតម្លៃផ្លូវការនៃទំហំការចំណាយសរុប ​លើការសាងសង់រោងចក្រនោះ គឺខ្ទង់៣០ពាន់លានដុល្លារអូស្រ្តាលី សម្រាប់អំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

សូមជម្រាបថា ការសាងសង់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្រ្តាលី គឺជាធាតុផ្សំស្នូលនៃ​កិច្ចព្រមព្រៀង AUKUS ហើយនៅលើពិភពលោក មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទនេះ៕ (Reuters)





 

Powered by Blogger.