ហ្សេលេនស្គី៖ សម្ព័ន្ធមិត្តនឹងផ្តល់ជំនួយយោធានិងថាមពលថ្មីដល់អ៊ុយក្រែន មុនខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុប បានព្រមព្រៀងផ្តល់កញ្ចប់ជំនួយផ្នែកយោធានិងថាមពលថ្មីបន្ថែម នៅមុនគម្រប់ខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលត្រូវចំថ្ងៃទី២៤ ខែកុម្ភៈ។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម X ដូច្នេះថា «នៅទីក្រុង Munich យើងបានឯកភាពគ្នាជាមួយបណ្តាមេដឹកនាំនៃកិច្ចពិភាក្សា Berlin Format
ស្តីពីកញ្ចប់ជំនួយជាក់លាក់ពាក់ព័ន្ធថាមពលនិងយោធា សម្រាប់អ៊ុយក្រែន
នៅមុនថ្ងៃទី២៤ ខែកុម្ភៈ»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន
បន្ទាប់ពីកិច្ចប្រជុំ Berlin Format ដែលមានការចូលរួមពីក្រុមមេដឹកនាំអឺរ៉ុបជាង១០ រូប
នៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់
លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញក្តីសង្ឃឹមចំពោះការផ្តល់ជំនួយថ្មីៗ
ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស។
សូមជម្រាបថា
ទីក្រុងកៀវកំពុងព្យាយាមប្រមែប្រមូលការគាំទ្របន្ថែមពីដៃគូ ស្របពេលដែលខ្លួនបន្តតស៊ូទប់ទល់
ការវាយលុករបស់រុស្ស៉ីនៅលើសមរភូមិ និងការវាយប្រហារតាមផ្លូវអាកាសមកលើប្រព័ន្ធថាមពល
ហើយកំពុងតែស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីចរចាស្វែងរកសន្តិភាព។
ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងធំៗ
រួមមានទាំងរដ្ឋធានីកៀវ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន
រងការខូចខាតធ្ងន់ធ្ងរ ជាហេតុនាំឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់
ក្រោមអាកាសធាតុដ៏ត្រជាក់។ បើតាមលោក ហ្សេលេនស្គី
រុស្ស៉ីបានប្រើប្រាស់ដ្រូនប្រហែល១៣០០គ្រឿង គ្រាប់បែក១២០០គ្រាប់
និងមីស៊ីលបាលិស្ទីគរាប់សិបគ្រាប់ វាយប្រហារមកលើអ៊ុយក្រែន អំឡុងរយៈពេល១សប្តាហ៍កន្លងមកនេះ៕ (Reuters)

Post a Comment