រុស្ស៊ីព្រមានថា ការបញ្ជូនកងទ័ពអង់គ្លេសទៅអ៊ុយក្រែន នឹងកាន់តែអូសបន្លាយសង្គ្រាម
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានព្រមានយ៉ាងដាច់អហង្ការនាថ្ងៃព្រហស្បតិ៍នេះថា ការដាក់ពង្រាយកងទ័ពអង់គ្លេសណាមួយទៅកាន់ប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ មិនមែនជាការបញ្ចប់ជម្លោះនោះទេ។
ការប្រតិកម្មខ្លាំងៗនេះ
ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ចន ហ៊ីលី (John
Healey) បានសរសេរអត្ថបទមួយកាលពីចុងសប្តាហ៍ ដោយលើកឡើងថា
លោកចង់ក្លាយជារដ្ឋមន្ត្រីដែលបានបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន
ព្រោះវត្តមានរបស់ពួកគេមានន័យថា សង្គ្រាមទីបំផុតត្រូវបានបញ្ចប់។
ទោះជាយ៉ាងណា លោកស្រី ហ្សាខារ៉ូវ៉ា
បានច្រានចោលទាំងស្រុងនូវការយល់ឃើញនេះ ដោយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្ទុយពីការគិតរបស់លោក
ហ៊ីលី ការដាក់ពង្រាយទ័ពអង់គ្លេសនឹងបង្កើនហានិភ័យ
នៃការប្រឈមមុខដាក់គ្នាយោធាទ្រង់ទ្រាយធំ
ដែលនឹងទាញប្រទេសជាច្រើនទៀតឱ្យចូលរួមក្នុងភ្លើងសង្គ្រាម។
សូមជម្រាបថា កន្លងមកទាំងបារាំង និងអង់គ្លេស
ធ្លាប់បានបង្ហើបពីបំណងចង់បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ណាមួយត្រូវបានសម្រេច។
ជាការឆ្លើយតប រុស្ស៊ីបានចេញមុខព្រមានជាដដែលៗថា
ទីក្រុងមូស្គូនឹងចាត់ទុកវត្តមានកងទ័ពបរទេសទាំងអស់នៅលើទឹកដីអ៊ុយក្រែន
គឺជាគោលដៅយោធាស្របច្បាប់បំផុត សម្រាប់ការវាយប្រហារកម្ទេចចោល៕

Post a Comment