ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ផ្ទុះអាវុធនឹងគ្នាសាជាថ្មី ក្រោយមានអរិភាពជាច្រើនថ្ងៃ
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកាប៊ុល និងទីក្រុង Kandahar របស់អាហ្វហ្កានីស្ថាន នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអាហ្វហ្កានីស្ថានបានវាយប្រហារលើកងកម្លាំងព្រំដែនប៉ាគីស្ថាន នៅក្នុងអ្វីដែលរដ្ឋាភិបាលតាលីបង់និយាយថាជាការសងសឹកទៅនឹងការវាយប្រហារ តាមផ្លូវអាកាសរបស់ប៉ាគីស្ថានកាលពីប៉ុន្មានថ្ងៃមុន។
យោធានៃប្រទេសទាំង២
បានអះអាងរៀងៗខ្លួនថាពួកគេបានកម្ទេច និងដណ្ដើមគ្រប់គ្រងប៉ុស្តិ៍យាមជាច្រើននៅតាមបណ្ដោយព្រំដែន។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន
លោក Attaullah Tarar បានឱ្យដឹងថាកងទ័ពប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅលើខ្សែការពាររបស់រដ្ឋាភិបាល
តាលីបង់ នៅក្នុងទីក្រុងកាប៊ុល ខេត្ត Paktia និងទីក្រុង Kandahar។
ខាងយោធាអាហ្វហ្កានីស្ថានបានអះអាងថាទាហានប៉ាគីស្ថាន១០នាក់
ត្រូវបានសម្លាប់ និងប៉ុស្តិ៍ព្រំដែនចំនួន១៣ត្រូវបានរឹបអូសក្នុងការវាយប្រហារកាលពី
ថ្ងៃព្រហស្បតិ៍
ដែលតាលីបង់និយាយថាធ្វើឡើងជាការសងសឹកទៅនឹងការវាយប្រហាររបស់ប៉ាគីស្ថាននៅតាមបណ្ដោយព្រំដែនអាហ្វហ្កានីស្ថានកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ប៉ាគីស្ថានវិញ បាននិយាយថាខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់យ៉ាងហោច ៧០នាក់
ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។
ការអះអាងរបស់ភាគីទាំងសងខាងមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ៕ (AFP)

Post a Comment