ក្នុងមករា ឆ្នាំ២០២៦ ការនាំចូលទំនិញពីថៃមកកម្ពុជា ថយចុះជិត៥០%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានទំហំទឹកប្រាក់ជាង ១៥១លានដុល្លារ ធ្លាក់ចុះ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងផងដែរថា ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញមានទឹកប្រាក់ជាង៥៨ លានដុល្លារ ធ្លាក់ចុះ១៩.៦% ​ដែលនាំ​​ឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង ២០៩លានដុល្លារ ថយចុះ ៤៣.៥%។

សូមជម្រាបផងដែរ កាលពីឆ្នាំ២០២៥ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.៦ពាន់លានដុល្លារ ធ្លាក់ចុះ១៤.៩% ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំជាង ៧៣២លានដុល្លារ ថយចុះ១៤.១% ខណៈថៃនាំចូលមកកម្ពុជាមានទំហំជាង២.៩ពាន់លានដុល្លារ ថយចុះ១៥%។

សូមជម្រាបថា បន្ទាប់ពីកម្ពុជានិងថៃកើតមានជម្លោះព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួន ពីថៃមកកម្ពុជាដែលមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ​(១៖ ប្រេងសាំង (Gasoline) ,២៖ ប្រេងម៉ាស៊ូត (Diesel),៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG),៤៖ ប្រេងខ្មៅ (Fuel oil) និង៥៖ ប្រេងសាំងយន្តហោះ (Jet-A1))

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញទាំងនេះ ​មិនត្រូវបាន ហាមឃាត់ការនាំចូលនោះទេ៕






 

 

Powered by Blogger.