អ៊ីរ៉ង់ អះអាងពីភាពរីកចម្រើនក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅហ្សឺណែវ

ហ្សឺណែវ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់ការយោគយល់គ្នាមួយលើ គោលការណ៍ណែនាំចម្បងៗ ក្នុងកិច្ចចរចាដែលមានគោលដៅដោះស្រាយជម្លោះយូរអង្វែងណាស់មកហើយរវាងភាគីទាំង២ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែនេះមានមិនមែនមានន័យថា កិច្ចព្រមព្រៀងមួយជិតសម្រេចបាននោះទេ។

កិច្ចពិភាក្សាដោយប្រយោលរវាងបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ដូណាល់ ត្រាំ គឺលោក Jared Kushner ជាមួយលោក Araqchi នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃអង្គារ ត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Araqchi បាននិយាយថាការខ្វែងគំនិតគ្នាត្រូវបានលើកយកទៅពិភាក្សា ហើយភាគីទាំងសងខាងបានឈានដល់ការឯកភាពគ្នាមួយលើ គោលការណ៍ណែនាំមួយចំនួន។

មន្ត្រីអាមេរិកម្នាក់ ក៏បានបញ្ជាក់ដែរថាអ៊ីរ៉ង់នឹងបញ្ជាក់លម្អិតពីសំណើរបស់ខ្លួននៅប្រហែល ២សប្ដាហ៍ខាងមុខ ដើម្បីកាត់បន្ថយការខ្វែងគំនិតគ្នា នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។ «កិច្ចចរចាពិតជាមានភាពរីកចម្រើន ប៉ុន្តនៅមានសេចក្ដីលម្អិតជាច្រើនទៀតត្រូវពិភាក្សាគ្នានៅឡើយ»។ នេះជាការបញ្ជាក់របស់មន្ត្រីអាមេរិកដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕ (Reuters)



 

Powered by Blogger.