ក្រុមអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីដឹងពីការពិត
ភ្នំពេញ៖ ក្រុមអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ នឹងមកទស្សនៈកិច្ចនៅកម្ពុជានៅក្នុងខែកុម្ភៈនេះដើម្បីបង្ហាញឱ្យពួកគេឃើញថា កម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ។
នៅព្រឹកថ្ងៃទី ៩
ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ
បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo
KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួប
ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន
និងប្រជាជន
ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ
បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។
លោក PARK JOO BONG បានលើកឡើងថា
ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ
និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។
លោក PARK ក៏បានលើកឡើងអំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល
២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ
និងអ្នកសារពត៌មានកូរ៉េ ផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថាកម្ពុជាមានសុវត្ថិភាព
និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េអាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េ
បន្ទាប់ពីដំណើរទស្សនកិច្ចនេះ។
ឯកឧត្តម
ឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា
ដែលវាស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតដែលកន្លងមកស្ថានទូត
តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា
និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ
ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។
ឯកឧត្តម
ឯកអគ្គរាជទូតបានបន្តថា
ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ
និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕
Post a Comment