កម្ពុជា-អាមេនី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ភ្នំពេញ៖ កម្ពុជា និងអាមេនី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក
មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង Mnatsakan
Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី
បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ
ដែលប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចពិគ្រោះយោបល់នេះ
ភាគីទាំងពីរ
បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ
និងបានកត់សម្គាល់ថា ឆ្នាំ២០២៧ នឹងជាខួបអនុស្សាវរីយ៍លើកទី៣៥
នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា–អាមេនី ដែលឆ្លុះបញ្ចាំងពីមិត្តភាព
ការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងតម្លៃរួម ក្នុងរយៈពេលជាង ៣ ទសវត្សរ៍។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ
និងសេដ្ឋកិច្ច ភាគីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹងទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន ពាណិជ្ជកម្ម
និងការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ ឌីជីថលនីយកម្ម និងទេសចរណ៍។
ភាគីទាំងពីរ
ក៏បានឯកភាពស្វែងរកកាលានុវត្តភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
នៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន, សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី
(EAEU) និង អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជា
បានបញ្ជាក់ការរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី
អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា
ឆ្នាំ២០២៦។
ជាមួយគ្នានេះ ភាគីទាំងពីរ
ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម
រួមទាំងស្ថានភាពព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត
ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងក្នុងតំបន់ និងលើសកលលោក
ព្រមទាំងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។
កិច្ចពិគ្រោះយោបល់នយោបាយប្រកបដោយផ្លែផ្កានេះ
បានបញ្ចប់ដោយសហប្រធានទាំងពីរ ឯកភាពគ្នាកំណត់ពេលវេលាសមស្រប
សម្រាប់កិច្ចពិគ្រោះយោបល់នយោបាយជុំបន្ទាប់ នៅសាធារណរដ្ឋអាមេនី
ក្នុងពេលឆាប់ៗខាងមុខ៕





Post a Comment