មីយ៉ាន់ម៉ា និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពយោធាថ្មីរយៈពេល ៥ឆ្នាំ
យ៉ាំងហ្គោន៖ របបយោធាមីយ៉ាន់ម៉ា និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល ៥ឆ្នាំនៅថ្ងៃអង្គារនេះ (៣ កុម្ភៈ) ដែលអ្នកវិភាគមើលឃើញថាជាការពង្រឹងសម្ព័ន្ធភាពដ៏សំខាន់សម្រាប់អំណាចរបស់របបយោធា។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា
កិច្ចព្រមព្រៀងដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០៣០ នេះ
ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីសន្តិសុខកំពូលរុស្ស៊ី លោក
ស៊ែហ្គេ សយហ្គូ (Sergei Shoigu) មកកាន់មីយ៉ាន់ម៉ា។
លោក សយហ្គូ
បានប្រាប់មន្ត្រីរបបយោធាថា «រុស្ស៊ីគាំទ្រពេញទំហឹងចំពោះមាគ៌ារបស់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាក្នុងការការពារបូរណភាពទឹកដី...អ្នកអាចពឹងផ្អែកទាំងស្រុងលើជំនួយដ៏ទូលំទូលាយរបស់ទីក្រុងមូស្គូ
រួមទាំងនៅលើឆាកអន្តរជាតិផងដែរ»។
គួរកត់សម្គាល់ថា
របបយោធាមីយ៉ាន់ម៉ាបានពឹងផ្អែកយ៉ាងខ្លាំងលើអាវុធរុស្ស៊ី ជាពិសេសយន្តហោះចម្បាំង
ដើម្បីទប់ទល់នឹងក្រុមឧទ្ទាម។ ទន្ទឹមនឹងនេះ របាយការណ៍ខ្លះអះអាងថា
មីយ៉ាន់ម៉ាក៏បានបញ្ជូនសម្ភារៈយោធាទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនវិញផងដែរ។
កិច្ចព្រមព្រៀងនេះកើតឡើងភ្លាមៗ បន្ទាប់ពីគណបក្ស USDP ដែលគាំទ្រដោយយោធា បានឈ្នះអាសនៈជាង ៨០%
ក្នុងការបោះឆ្នោតដែលរងការរិះគន់ថាជាការបោះឆ្នោតក្លែងក្លាយ៕ (AFP)

Post a Comment