លោក ថងលុន ស៊ីសុលីត អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា
ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ថងលុន ស៊ីសុលីត
ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានឱ្យដឹងទៀតថា
ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោកបណ្ឌិត ថងលុន ស៊ីសុលីត
ចូលគាល់ដើម្បីធ្វើសវនការ
និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូនលោកអគ្គលេខាធិការបក្សនៅព្រះបរមរាជវាំងផងដែរ។
លោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ
គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ថងលុន ស៊ីសុលីត
ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះ
លោក ថងលុន ស៊ីសុលីត ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ។
ក្នុងក្របខណ្ឌបក្សនយោបាយ លោក ថងលុន ស៊ីសុលីត
នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគីរវាងសម្តេចតេជោ
ហ៊ុន សែន,
លោក ថងលុន ស៊ីសុលីត និងលោក តូ ឡឹម
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន
ស៊ីសុលីត ត្រូវបានក្រសួងការបរទេសកម្ពុជា
ចាត់ទុកជាការពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង
និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
ស្របតាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
និងយូរអង្វែង រវាងកម្ពុជានិងឡាវ» ដើម្បីការអភិវឌ្ឍ
និងវិបុលភាព នៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕






Post a Comment