គុយបា ពើបប្រទះនឹងវិបត្តិខ្វះសាំងចាក់យន្តហោះ ដោយសារតែបម្រាមអាមេរិក
ឡាហាវ៉ាន៖ ក្រុមមន្ត្រីអាកាសចរណ៍គុយបាបានជូនដំណឹងទៅដល់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ថាខ្លួនមិនមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ចាក់ឱ្យយន្ដហោះនោះទេ ដែលនេះជាចំណាត់ការ ចុងក្រោយបំផុតមួយក្នុងការសន្សំសំច្ចៃថាមពល ខណៈការបិទខ្ទប់ប្រេងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើឱ្យគុយបាពើបប្រទះនឹងវិបត្តិខ្វះថាមពលកាន់តែធ្ងន់ធ្ងរ។
រដ្ឋាភិបាលគុយបានៅក្នុងសេចក្ដីជូនដំណឹងទៅកាន់បណ្ដាក្រុមហ៊ុនទេសចរណ៍
និងពីឡុតកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ
បានព្រមានថានឹងមិនមានប្រេងឥន្ធនៈចាក់ឱ្យយន្ដហោះ ទៀតនោះទេនៅឯអាកាសយានដ្ឋានចំនួន៩
ក្នុងនោះរួមមានទាំងអាកាសយានដ្ឋាន José Martí International
Airport ក្នុងទីក្រុងឡាហាវ៉ាន រាប់ចាប់ផ្ដើមពីថ្ងៃអង្គារ ទី១០
ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី១១ ខែមីនា។
ការដាក់សម្ពាធនយោបាយពីលោក ដូណាល់
ត្រាំលើបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនបានកាត់ផ្ដាច់គុយបាមិនឱ្យទទួលបានប្រេងពីប្រភពផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន
នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា និងម៉ិកស៊ិក។
សូមជម្រាបថា កាលពីចុងខែមករា លោក ត្រាំ
បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលគំរាមដំឡើងពន្ធគយលើទំនិញនាំចូលមកពីប្រទេសទាំងឡាយណាដែលលក់
ឬផ្គត់ផ្គង់ប្រេង ទៅឱ្យគុយបា៕ (AP)

Post a Comment