តុលាការកំពូលកម្ពុជា-សិង្ហបុរី ចុះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យតុលាការ ទាក់ទងនឹងការផ្តល់បទពិសោធន៍ និងកសាងសមត្ថភាពមន្ត្រី
ភ្នំពេញ៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោក ស៊ុនដារ៉េស មេណុន (SUNDARESH MENON) ប្រធានតុលាការកំពូលសិង្ហបុរី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យតុលាការ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ
មានខ្លឹមសារសំខាន់ៗទាក់ទងនឹង៖
១៖ ការផ្តល់បទពិសោធជំនាញបរិវិត្តកម្មឌីជីថល ក្នុងរដ្ឋបាលតុលាការ ៖
តុលាការកំពូលសិង្ហបុរី នឹងចែករំលែកបទពិសោធ នៃការចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល
រដ្ឋបាលតុលាការ តាំងពីឆ្នាំ១៩៩៧ រហូតទទួលបានជោគជ័យ
ដើម្បីជួយដល់តុលាការកំពូលកម្ពុជា ក្នុងការសិក្សា និងការរៀបចំដំណើរការ ប្រព័ន្ធដាក់ឯកសារតាមអេឡិចត្រូនិក
(E-filing)
និងប្រព័ន្ធគ្រប់គ្រងសំណុំរឿង (Case Management) ដែលជាធាតុដ៏សំខាន់ជួយបង្កើនល្បឿន និងគុណភាពនៃសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ។
២៖ ការកសាងសមត្ថភាពមន្ត្រី តាមរយៈការផ្លាស់ប្តូរបទពិសោធ និងការបណ្តុះបណ្តាល។
៣៖ ការពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក
និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយស្ថិតក្នុងក្របខ័ណ្ឌ
នៃទំនាក់ទំនងមិត្តភាពរវាងគូភាគី ដោយមិនបង្កើតកាតព្វកិច្ចតាមច្បាប់ជាតិ
ឬច្បាប់អន្តរជាតិឡើយ។
បន្ទាប់មកនៅរសៀលថ្ងៃដដែល
ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរ បានដឹកនាំអង្គប្រជុំមួយ ដែលមានថ្នាក់ដឹកនាំ
និងមន្ត្រីនៃក្រុមការងារបច្ចេកវិទ្យានៃប្រទេសទាំងពីរ រួមជាមួយតំណាងក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ផងដែរ បានពិភាក្សាអំពីការអនុវត្តជាក់ស្តែង នូវអនុស្សរណៈនៃការយោគយល់គ្នា
លើការអនុវត្តការងារបរិវត្តកម្មឌីជីថល នៅតុលាការកំពូលកម្ពុជា៕


Post a Comment