លោក ត្រាំ និងលោក ស៊ី ជីនពីង ជួបសន្ទនាតាមទូរស័ព្ទ ពិភាក្សាពីសំណុំរឿងតៃវ៉ាន់ និងសណ្តែកសៀង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាចិនកំពុងពិចារណាទិញសណ្ដែកសៀងបន្ថែមពីសហរដ្ឋអាមេរិក បើទោះជាប៉េកាំងព្រមានវ៉ាស៊ីនតោនជុំវិញការលក់អាវុធឱ្យកោះតៃវ៉ាន់ ក៏ដោយ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីលោកបានអះអាងថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈបានប្រព្រឹត្តទៅ ប្រកបដោយភាពវិជ្ជមាន។ ជាកាយវិការល្អមួយ ពោល២ខែមុនដំណើរទស្សនកិច្ចដែលត្រូវបានរំពឹងរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង លោកប្រធានាធិបតីអាមេរិកបានឱ្យដឹងថាលោក ស៊ី ជីនពីង កំពុងពិចារណាបង្កើនការទិញសណ្ដែកសៀងបន្ថែមពីសហរដ្ឋអាមេរិកពី១២លានតោន ដល់ ២០លានតោន នៅក្នុងរដូវកាលបច្ចុប្បន្ន។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំចិនបានបើកកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោក ត្រាំ និងលោក ស៊ី ជីនពីងក៏បានពិភាក្សាគ្នាផងដែរពីសំណុំរឿងតៃវ៉ាន់ ព្រមទាំងបញ្ហាពាណិជ្ជកម្ម និងសន្តិសុខដែលជាប្រភពមួយនៃភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ច ទាំង២។

សូមជម្រាបថា លោក ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានបន្ធូរបន្ថយគោលនយោបាយចំពោះចិន រាប់ចាប់ពីពន្ធគយ រហូតដល់ឈីប និងដ្រូន។ លោកស្រី Bonnie Glaser មកពីស្ថាប័ន German Marshall Fund of the United States បាននិយាយថាលោក ត្រាំ និងលោក ស៊ី ជីនពីង កំពុងឱ្យសញ្ញាថាពួកគេមានបំណងរក្សាស្ថិរភាពក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន៕ (Reuters)



 

Powered by Blogger.