នាយករដ្ឋមន្ត្រីឥណ្ឌា បំពេញទស្សនកិច្ចនៅអ៊ីស្រាអែលស្របពេលភាពតានតឹងអាមេរិក និងអ៊ីរ៉ង់
ហ្សេរុយសាឡិម៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី (Narendra Modi) បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី២៥ កុម្ភៈ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ស្របពេលដែលក្តីបារម្ភក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង ជុំវិញហានិភ័យនៃជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ទស្សនកិច្ចនេះធ្វើឡើងចំពេលដែលអាមេរិក
កំពុងដាក់ពង្រាយកងទ័ពជើងទឹកយ៉ាងសន្ធឹកសន្ធាប់ក្បែរឆ្នេរអ៊ីរ៉ង់
ខណៈការចរចាកម្មវិធីនុយក្លេអ៊ែរកំពុងតែមមាញឹកខ្លាំង។ ការវាយប្រហារណាមួយពីអាមេរិក
អាចនឹងទាញយកការសងសឹកពីអ៊ីរ៉ង់មកលើអ៊ីស្រាអែល
និងមូលដ្ឋានយោធាអាមេរិកនៅបណ្តាប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រ
ដែលជាកន្លែងពលរដ្ឋឥណ្ឌារាប់លាននាក់កំពុងរស់នៅនិងធ្វើការ។
ជំនួបរវាងលោក ម៉ូឌី និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ
រំពឹងថានឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិមិត្ត (AI)
និងវិស័យការពារជាតិ ខណៈអ៊ីស្រាអែលកំពុងស្វែងរកការពង្រីកការនាំចេញសព្វាវុធរបស់ខ្លួន។
មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលបានគូសបញ្ជាក់ថា
ទស្សនកិច្ចនេះនឹងត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូថ្មីៗលើវិស័យជាច្រើន
ហើយទំនាក់ទំនងទ្វេភាគីកំពុងឈានដល់កម្រិតដ៏សំខាន់មួយ។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ លោក ម៉ូឌី
បានក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ
ដែលបានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ សម្រាប់ទស្សនកិច្ចផ្លូវការនាពេលនេះ
លោកត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថានៅរដ្ឋសភាអ៊ីស្រាអែល (Knesset)
ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅឯស្តូបរំលឹកដល់ជនរងគ្រោះអ៊ីស្រាអែល
(Yad Vashem) ផងដែរ៕ (Reuters)

Post a Comment