ឯកឧត្តម គុជ បញ្ញាសា ដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងដៃគូសហការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា

ឥណ្ឌា៖ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងដៃគូសហការវិស័យទេសចរណ៍កម្ពុជាចំនួន១៣ក្រុមហ៊ុន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM (Outbound Travel Mart) Mumbai 2026 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Jio World Convention Centre ទីក្រុងមុំបៃ សាធារណរដ្ឋឥណ្ឌា។

នៅក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខាងលើក្រសួងទេសចរណ៍កម្ពុជាក៍រៀបចំស្តង់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ផ្ដល់នូវភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ក្នុងបំណងទាក់ទាញភ្ញៀវទេសចរ វិនិយោគិនឥណ្ឌាឱ្យមកទស្សនា និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញនូវយុទ្ធនាការ "ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង" (Visit Cambodia in the Green Season) ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានដំណើរការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដេលី ហើយថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ IndiGo ក៏បានដាក់ឱ្យដំណើរការហោះហើរត្រង់រវាងទីក្រុងកុលកាតា និងខេត្តសៀមរាបផងដែរ។

សូមជម្រាបជូនថា ពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM (Outbound Travel Mart) Mumbai 2026 បានរំពឹងថានឹងមានអ្នកចូលទស្សនាផ្នែកពាណិជ្ជកម្មប្រមាណ ៤០,០០០ នាក់ អ្នកទិញ (Buyers) ប្រមាណ ១,០០០ នាក់ ការជួបពិភាក្សាការងារដែលបានគ្រោងទុកប្រមាណ ២៨,០០០ ជំនួប ព្រមទាំងមានស្ដង់ពិព័រណ៍ចំនួន ២,២០០ មកពីជាង ៦០ ប្រទេស និង ៣០រដ្ឋនៃសាធារណរដ្ឋឥណ្ឌា៕









 

Powered by Blogger.