លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក
ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ-ភ្នំឧដុង្គ) នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង
(១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ
រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ
(២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ
និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌
និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។
ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។
សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន
(១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ
ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា
ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ
(២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត
ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង
(៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក
និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល
បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា
និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់ គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា
ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕

















Post a Comment