សហរដ្ឋអាមេរិក ដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO ដោយនិយាយថា ការសម្រេចចិត្តរបស់ខ្លួនបានឆ្លុះបញ្ចាំងពីបរាជ័យរបស់ ទីភ្នាក់ងារ UN មួយនេះនៅក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានបង្ហើបឱ្យដឹងពីបំណងដកសហរដ្ឋអាមេរិកចេញពី WHO នៅថ្ងៃទី១នៃការឡើងកាន់តំណែងរបស់លោកកាលពីខែមករា
ឆ្នាំ២០២៥ តាមរយៈការចេញ បទបញ្ជាប្រតិបត្តិមួយ បើទោះជាមានការព្រមានថាការសម្រេចចិត្តដកខ្លួននេះអាចនឹងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលសាធាណៈនៅក្នុងសហរដ្ឋអាមេរិក
និងនៅជុំវិញពិភពលោកក៏ដោយ។
បើតាមសេចក្ដីប្រកាសព័ត៌មានមួយពីក្រសួងសុខាភិបាល
និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយ WHO
ដើម្បីសម្រួលដល់ការដកខ្លួនចេញតែប៉ុណ្ណោះ។ «យើងមិនមាន
ផែនការចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ឡើយ
ហើយយើងក៏គ្មានផែនការត្រឡប់ចូលរួមសាជាថ្មីនោះដែរ»។
នេះជាការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់។
សហរដ្ឋអាមេរិកបាននិយាយថាខ្លួនមាន គម្រោងធ្វើការដោយផ្ទាល់ជាមួយបណ្ដាប្រទេសនានា
ជាជាងធ្វើការតាមរយៈអង្គការអន្តរជាតិមួយនៅក្នុងការឃ្លាំមើលតាមដានជំងឺឆ្លង
និងដោះស្រាយបញ្ហាជាសុខាភិបាលសាធារណៈជាអាទិភាពដទៃទៀត។
សូមជម្រាបថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក
បានតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនជូនដំណឹងមុនរយៈពេល១ឆ្នាំ និងសងបំណុលជំពាក់ប្រហែល
២៦០លានដុល្លារ នៅមុនចាកចេញពី WHO។ ប៉ុន្តែក្រុមមន្ត្រី
របស់រដ្ឋបាលលោក ដូណាល់ ត្រាំ
បានជំទាស់នឹងលក្ខខណ្ឌបែបនេះដោយអះអាងថាប្រជាជនអាមេរិកបានចូលរួមបង់វិភាគទានដល់ WHO
ច្រើនលើសនេះ ពោលគឺហួសពីគ្រប់គ្រាន់ទៅទៀត៕ (Reuters)

Post a Comment