ក្រសួងទេសចរណ៍គាំទ្រការរៀបចំព្រឹត្តិការណ៍អន្តរជាតិ «ICIA» របស់ក្រុមហ៊ុន KRYA Global នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Antonius Malem Barus សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) ដឹកនាំដៃគូវិនិយោគពីសិង្ហបុរី និងកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពអាជីវកម្ម ទិសដៅ និងគម្រោងរៀបចំព្រឹត្តិការណ៍ទេសចរណ៍អប់រំ «ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ ICIA (International Creativity and Innovation Award)» នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ
និងដៃគូអន្តរជាតិ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលអនុញ្ញាតឲ្យចូលជួប
និងបានបង្ហាញពីបទពិសោធន៍រៀបចំព្រឹត្តិការណ៍នៅបណ្តាប្រទេសអាស៊ាន
កន្លងមកមានអ្នកចូលរួមជិត១ពាន់នាក់ក្នុងមួយលើកៗ។ ដោយមើលឃើញសុខសន្តិភាព សុវត្ថិភាព
និងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់កម្ពុជា។
ជាពិសេសវិស័យបដិសណ្ឋារកិច្ច
និងទីកន្លែងរៀបចំព្រឹត្តិការណ៍ធំៗ ក្រុមហ៊ុនបានសម្រេចជ្រើសរើសកម្ពុជា
ជាទីតាំងរៀបចំព្រឹត្តិការណ៍ ICIA លំដាប់អន្តរជាតិ
នាពេលខែមេសាខាងមុខ ដោយរំពឹងថានឹងមានអ្នកចូលរួមលើស ៧០០នាក់ពីអាស៊ាន
និងបណ្តាប្រទេសផ្សេងទៀត ហើយក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រីចូលរួមជាគណៈអធិបតីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ បានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមចំណែករបស់ក្រុមហ៊ុន KRYA
Global ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា
ព្រមទាំងបានបញ្ជាក់ការគាំទ្រ និងផ្តល់អនុសាសន៍តម្រង់ទិស
ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ទេសចរណ៍អប់រំអន្តរជាតិនេះសម្រេចបានជោគជ័យ
និងរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរ ពិសេសពីឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាស៊ាន
មកកាន់កម្ពុជាកាន់តែច្រើន៕






Post a Comment