កសិករនៅខេត្តមណ្ឌលគិរី សប្បាយចិត្តក្នុងការប្រមូលផលកាហ្វេ ខណៈទីផ្សារទទួលបានតម្លៃសមរម្យ និងអាចបង្កើនចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ
ដោយ : ជឹម ទូច (មន្ទីរព័ត៌មាន)
ខេត្តមណ្ឌលគិរី ៖ ដំណាំកាហ្វេ គឺជាដំណាំឧស្សាហកម្មមួយដែលមានតម្លៃខ្ពស់ និងអាចបង្កើនចំណូលដល់កសិករ ប្រសិនបើដាំដុះត្រឹមត្រូវតាមបច្ចេកទេស។ ម្យ៉ាងទៀតកាហ្វេ គឺជាភេសជ្ជៈមួយប្រភេទ ដែលមនុស្សលើពិភពលោក មានការពេញនិយមចូលចិត្តទទួលទានគ្រប់ពេល និងរាល់ថ្ងៃ ដូច្នេះហើយទើបធ្វើឲ្យដំណាំកសិឧស្សាហកម្មនេះ មានការរីកចម្រើនខ្លាំង ហើយទស្សវត៍ចុងក្រោយនេះ គេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជា ហាក់ចាត់ទុកកាហ្វេ គឺជាភេសជ្ជៈប្រចាំថ្ងៃរបស់ខ្លួន រហូតគេសង្កេតឃើញមានហាងលក់កាហ្វេនៅគ្រប់ច្រកល្ហកក្នុងប្រទេស ។ជាក់ស្តែងខេត្តមណ្ឌលគិរី ជាតំបន់សក្តានុពលខ្ពស់សម្រាប់ការដាំដុះកាហ្វេ ដោយសារអាកាសាធាតុត្រជាក់ ដីមានជីវជាតិល្អ ទើបកសិករមួយចំនួននៅខេត្តមណ្ឌលគិរី បានដាំដុះដំណាំកាហ្វេ ទទួលបានផលយ៉ាងល្អ អាចលក់ចេញទៅទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
លោក ចាន់ ទិត្យ ជាម្ចាស់ចំការកាហ្វេមួយកន្លែងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ចំការរបស់គាត់ទើបប្រមូលផលឆ្នាំដំបូងៗ ដូច្នេះ ទិន្នផលហាក់នៅមិនទាន់ពេញលេញដូចចំការកាហ្វេដើមចាស់ៗទេ។
លោក ចាន់ ទិត្យ បន្ថែមថា ចំការបស់គាត់ មានទំហំចំនួន ១០ហិកតា បានដាំដំណាំកាហ្វេចំនួន ៨ហិកតា ស្មើ ៨,០០០ដើម (ប្រាំបីពាន់ដើម) ហើយទិន្នផលរដូវកាលឆ្នាំ២០២៥-២០២៦នេះ គាត់ប្រមូលបាន ៦០តោន ដែលក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៤៧០០រៀល ជាប្រភេទផ្លែកាហ្វេស្រស់ អាចចាត់ទុកជាតម្លៃល្អ ព្រោះក្រៅពីទូទាត់ថ្លៃចំណាយនានាទៅលើការថែទាំ គាត់នៅសល់ប្រាក់ចំណេញសម្រាប់បន្តការផ្តត់ផ្គង់លើចំការ និងអភិវឌ្ឍជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងខេត្ត មានចំការកាហ្វេអនុវត្តសរុបចំនួន ៦២៧ហិកតា ដែលមានបរិមាណផលសរុបចំនួន ១ ២៤៧តោន ៕









Post a Comment