ហ្គ្រីនឡែន សាទរចំពោះជំហររឹងមាំរបស់អឺរ៉ុប ប្រឆាំងនឹងការគំរាមកំហែងរបស់លោក ត្រាំ
បរទេស៖ ដែនដីហ្គ្រីនឡែន បានថ្លែងអំណរគុណដល់បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃអាទិត្យនេះ សម្រាប់ការរក្សាការគាំទ្រយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងពន្ធគយដាក់ទណ្ឌកម្មពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានបំណងចង់កាត់យកកោះអាក់ទិកនេះក៏ដោយ។
ជម្លោះនេះបានកើនឡើងបន្ទាប់ពីបារាំង អាល្លឺម៉ង់
និងអង់គ្លេស បានបញ្ជូនកងកម្លាំងយោធាទៅកាន់ហ្គ្រីនឡែនតាមសំណើរបស់ដាណឺម៉ាក
ដែលធ្វើឱ្យលោក ត្រាំ គំរាមដំឡើងពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ៨ប្រទេស
រហូតទាល់តែអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះនេះ។
រដ្ឋមន្ត្រីហ្គ្រីនឡែន លោកស្រី ណាជា
ណាថានីលសិន (Naaja Nathanielsen) បានថ្លែងដូច្នេះថា «យើងកំពុងរស់នៅក្នុងគ្រាដ៏វិសេសវិសាល ដែលទាមទារមិនត្រឹមតែភាពថ្លៃថ្នូរប៉ុណ្ណោះទេ
ប៉ុន្តែក៏ទាមទារសេចក្តីក្លាហានដ៏អស្ចារ្យផងដែរ»។
ទន្ទឹមនឹងនេះ លោក គ្រីស្ទៀន ខេលសិន (Christian
Keldsen) ប្រធានសមាគមធុរកិច្ចហ្គ្រីនឡែន បានវិភាគថា
គោលដៅនៃពន្ធគយនេះមិនមែនសំដៅលើក្រុមហ៊ុនហ្គ្រីនឡែនទេ
ប៉ុន្តែគឺដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក
ឡាស ឡុកឃេ រ៉ាស្មូសេន (Lars Lokke Rasmussen) គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសន័រវែស
អង់គ្លេស និងស៊ុយអែត ដើម្បីពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងតួនាទី
និងវត្តមានរបស់ណាតូនៅតំបន់អាក់ទិក៕ (Reuters)

Post a Comment