អភិបាលខេត្តកំពត ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំអាជ្ញាធរ កងកម្លាំង សមត្ថិកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងក្នុងភូមិសាស្ត្រខេត្តកំពត ខណៈដែលបច្ចុប្បន្នបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានក្លាយជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥
និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
នាសាលសន្និសិទ្ធបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍ថា
បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា
ដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត
មានភាពល្អប្រសើរ ហើយអាជ្ញាធរ
និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តន៍ដូចភ្លៀងរលឹម។
ក្នុងនោះការប្រយុទ្ធប្រឆាំង
និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅក្នុងខេត្តកំពតមិនទាន់មាននោះទេ
ក៏ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ
និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់
និងមុតស្រួចបំផុតដល់ជនល្មើស
និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
អាជ្ញាធរគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ មន្ត្រីអនុវត្តន៍ច្បាប់
ត្រូវមានវិធានការបង្ការ
និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ
ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កន្លែងផ្តល់សេវាស្នាក់នៅ
សូមចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ
ដើម្បីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តកំពតឱ្យមានប្រសិទ្ធភាពខ្ពស់៕









Post a Comment