ក្រសួងទេសចរណ៍ និងក្រសួងធម្មការ ប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សាសនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជាមួយក្រសួងធម្មការ និងសាសនា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលជាសក្ខីភាពមួយ បង្ហាញអំពីស្មារតី សហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាន នូវកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ ទេសចរណ៍សាសនា ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះអនុស្សរណៈ​ នៃការយោគយល់គ្នាស្តីពីស្តីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ទេសចរណ៍សាសនា» ពោលគឺដើម្បីបង្ហាញអំពីស្មារតី​​ សហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណង​ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា នៅកម្ពុជា, ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍ សាសនា និងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំ ជាផលិតផលទេសចរណ៍សាសនា។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមាន មូលដ្ឋានគ្រឹះដ៏រឹងមាំផ្អែកលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា។ សាសនា មិនត្រឹមតែជាគ្រឹះនៃជំនឿ និងសីលធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានស្នូល​នៃការថែរក្សាសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ក្នុងបរិបទនេះ វិស័យទេសចរណ៍ និងវិស័យសាសនា មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ និង អាចបំពេញឱ្យគ្នាទៅវិញទៅមក, ក្នុងន័យនេះ, អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពី ទស្សនវិស័យរួម ក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សា អត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃ របស់សាសនាទាំងអស់។ តាមរយៈនេះ កិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា គឺជាកត្តាលីករគន្លឹះដ៏សំខាន់ ក្នុងការបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការអន្តរក្រសួង ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់វិស័យទេសចរណ៍ វិស័យសាសនា សហគមន៍មូលដ្ឋាន និង សង្គមជាតិទាំងមូល តួយ៉ាង អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់ កិច្ច សហប្រតិបត្តិការ រវាងក្រសួងទាំងពីរបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឱ្យកាន់ តែច្រើនឡើងថែមទៀត ក៏ដូចជាការលើកកម្ពស់គុណតម្លៃនៃសាសនា សីលធម៌សង្គម និង អត្តសញ្ញាណជាតិ៕












 

Powered by Blogger.