បទវិភាគ៖ និន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ

បរទេស៖ ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា "បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាននិងមានលក្ខខណ្ឌក្នុងការរក្សាឱ្យសេដ្ឋកិច្ចដំណើរការទៅរកស្ថិរភាពនិងភាពល្អប្រសើរ" ។

    តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែមករាបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន ១៤០,១៨៧៩ ទី្រលានយាន់ប្រាក់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង បើគិតតាមតម្លៃថេរ បានកើនឡើងចំនួន ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។

    បើមើលពីត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ GDP ប្រចាំត្រីមាសទីពីរបានកើនឡើង ៥,២ ភាគរយ GDP ប្រចាំត្រីមាសទីបីបានកើនឡើង ៤,៨ ភាគរយ ហើយ GDP ប្រចាំត្រីមាសទីបួនបានកើនឡើង៤,៥ ភាគរយ ។

    ក្នុងមួយឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ុតមាំមិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយសេដ្ឋកិច្ចបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដែលឆ្ពោះទៅរកគុណភាពល្អនិងភាពវិជ្ជមាន ។ នៅឆ្នាំ ២០២៥ សមាមាត្រនៃតម្លៃបន្ថែមនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងធំក្នុងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានឡើងដល់ ១៧,១ ភាគរយ ហើយអត្រារួមចំណែកនៃការចំណាយខាងការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចមានចំនួនលើសពី ៥០ ភាគរយ ។ ទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ចំណែកឯការធានាខាងជីវភាពរស់នៅរបស់ប្រជាជនមានភាពខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលដើរស្របជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងពេលដំណាលគ្នា ។

    នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចចិនបានឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មីនិងគុណភាពថ្មីក្រោមកម្លាំងសម្ពាធ គោលដៅតាមការរំពឹងទុកសំខាន់ៗត្រូវបានសម្រេចដោយគាប់ប្រសើរដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា វាបានចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៦ ។

    ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានបង្ហាញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃ"ការឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មី" ។ តាមទិន្នន័យដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញឱ្យឃើញថា សន្ទស្សន៍នវានុវត្តន៍របស់ចិនបានឈរនៅលដាប់ ១០ លេខខាងមុខនៅលើពិភពលោកជាលើកដំបូង ។ ពីការស្វែងរកថ្មីក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋានដល់សមិទ្ធផលថ្មីនៃបច្ចេកវិទ្យាស្នូល ពីការរួមបញ្ចូលយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មដល់ការអនុវត្តជាក់ស្តែងយ៉ាងទូលំទូលាយនៃសមិទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន ដំណឹងល្អស្តីពីសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិនក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាកង់ទិចជាដើមបានស្តាប់ឮជាញឹកញាប់ សមិទ្ធផលនៃការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនបានលេចចេញជាបន្តបន្ទាប់ ហើយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍនិងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។

    សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល ល្បឿនកំណើននៃសេដ្ឋកិច្ចចិនបានកាន់លំដាប់ថ្នាក់នាំមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកដែលបានក្លាយជាប្រភពកម្លាំងចលករដែលមានភាពនឹងនរជាងគេនិងអាចជឿទុកចិត្តជាងគេនៃកំណើនសេដ្ឋកិច្ចសកល ហើយតាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ដូចការចុះផ្សាយរបស់កាសែត «Financial Times»អង់គ្លេសដែលបានលើកឡើងថា "ឆ្នាំ ២០២៦ បានចាប់ដំណើការនូវដំណាក់កាលថ្មីនៃការអនុវត្តផែនការ ៥ ឆ្នាំជុំថ្មីរបស់ប្រទេសចិន ។ សេដ្ឋវិទូព្យាការណ៍ថា រដ្ឋាភិបាលមជ្ឈិមនិងរដ្ឋបាលមូលដ្ឋាននឹងដាក់ចេញនូវវិធានការពាក់ព័ន្ធមួយចំនួនដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ឱ្យកំណើនសេដ្ឋកិច្ចមានការចាប់ផ្តើមដ៏នឹងនរនិងរឹងមាំ" ។ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ ៕




Powered by Blogger.