បទវិភាគ៖ ការវាទីនៃ "លទ្ធិម៉ុនរ៉ូថ្មី” នឹងគំរាមកំហែងដល់និន្នាការនៃសណ្តាប់ធ្នាប់សកល

បរទេស៖ នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួនរបស់សហរដ្ឋអាមេរិកសំដៅលើប្រទេសវ៉េណេស៊ុយអេឡាដូចជាប្រតិបត្តិការវាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំ និងការប្រកាសជាសាធារណៈថានឹងគ្រប់គ្រងរដ្ឋអំណាចប្រទេសវ៉េណេស៊ុយអេឡានិងគ្រប់គ្រងធនធានប្រេងកាតរបស់វ៉េណេស៊ុយអេឡាជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកនូវតក្កវិជ្ជាអនុត្តរភាពនិងបុគ្គលិកលក្ខណៈស្តីពីអំណាចខ្លាំងនៃអ្វីដែលហៅថា"លទ្ធិម៉ុនរ៉ូថ្មី”។ ទង្វើមួយចំនួននេះមិនត្រឹមតែជាការរំលោភបំពានយ៉ាងកម្រោលលើរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លីតាមតែទំនើងចិត្តនិងការរំលោភបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលផងដែរ។

     តើ"លទ្ធិម៉ុនរ៉ូថ្មី”សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិកគឺជាការផ្តល់ចម្លើយផ្ទាល់។

     បើមើលពីគោលបំណង ទង្វើរបស់អាមេរិកគឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិចក្លាយជា"អឌ្ឍគោលរបស់យើង”ដូចដែលអ្នកនយោបាយអាមេរិកបានលើកឡើងនោះ ធ្វើឱ្យអាមេរិកអាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុងនិងការទូតរបស់ប្រទេសទាំងនេះត្រូវបានសម្រេចតាមឆន្ទៈរបស់អាមេរិក។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិកមិនបានលាក់បាំងទាល់តែសោះពីការពឹងផ្អែកលើមធ្យោបាយយ៉ាងកម្រោលនិងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច និងការធ្វើវិទ្ធង្សនារដ្ឋអំណាចជាដើម។ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកដែលចាត់ទុកកម្លាំងជាក់ស្តែងជាអទិភាពចម្បងនិងអនុវត្តគោលនយោបាយ"អាមេរិកជាអាទិភាពចម្បងបំផុត" ប្រើគ្រប់ល្បិចកលនិងធ្វើអ្វីសម្រេចតែចិត្តខ្លួន ដើម្បីសម្រេចគោលបំណង។

     ខណៈពេលដែលសហរដ្ឋអាមេរិកចាត់ទុកអឌ្ឍគោលខាងលិចជាតំបន់អាទិភាពក្នុងគោលនយោបាយអនុត្តរភាពរបស់ខ្លួនម្តងទៀត សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់អាមេរិកឡាទីននិងការ៉ាប៊ីនប្រហែលនឹងរងការវាយប្រហារគ្រប់ជ្រុងជ្រោយ ហើយភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់បណ្តាប្រទេសក្នុងតំបន់នឹងត្រូវរឹតត្បិតយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកបង្កើនការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់និងលូកដៃបង្កើតភាពបែកបាក់ខាងនយោបាយ វានឹងនាំមកនូវហានិភ័យដល់ស្ថិរភាពនយោបាយនៃប្រទេសទាំងនេះ។

     ហានិភ័យរបស់"លទ្ធិម៉ុនរ៉ូថ្មី”មិនត្រឹមតែសំដៅចំពោះអាមេរិកឡាទីននោះទេ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងអាវុធទៅលើប្រទេសវ៉េណេស៊ុយអេឡា លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយដោយត្រង់ៗថា រឿងនេះបានបង្កើត"គំរូដ៏គ្រោះថ្នាក់”។ តាមពិតទៅ "លទ្ធិម៉ុនរ៉ូថ្មី”បានល្មើសនឹងច្បាប់អន្តរជាតិបច្ចុប្បន្ននិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិទាំងស្រុង រំលោភយ៉ាងធ្ងន់ធ្ងរនូវគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានឈរនៅម្ខាងប្រឈមមុខជាមួយសច្ចភាពនិងយុត្តិធម៌អន្តរជាតិ។

     ជោគវាសនារបស់ពិភពលោកគួរតែត្រូវបានក្តាប់ជាប់រួមគ្នាដោយបណ្តាប្រទេសនានា ច្បាប់អន្តរជាតិគួរតែត្រូវបានតាក់តែងរួមគ្នាដោយបណ្តាប្រទេសនានា កិច្ចការអន្តរជាតិគួរតែត្រូវបានគ្រប់គ្រងរួមគ្នាដោយបណ្តាប្រទេសនានា ហើយផ្លែផ្កានៃការអភិវឌ្ឍគួរតែត្រូវបានចែករំលែកដោយបណ្តាប្រទេសនានា។"យើងចង់បានវឌ្ឍនភាព តែមិនមែនលទ្ធិម៉ុនរ៉ូទេ”បានក្លាយជាសំឡេងរួមរបស់ប្រជាជនជុំវិញពិភពលោក។ ប្រទេសសកលខាងត្បូងគួរតែពន្លឿនការរួមគ្នាធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើង គាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យរីកចម្រើនទៅរកទិសដៅដែលកាន់តែយុត្តិធម៌និងភាពសមហេតុផល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរួមគ្នាកសាងអនាគតប្រកបដោយបរិយាប័ន្ន៕




Powered by Blogger.