អ៊ីរ៉ង់ បិទដែនអាកាស សម្រាប់ជើងហោះហើរភាគច្រើន ជាបណ្តោះអាសន្ន

វ៉ាស៊ីនតោន៖ អ៊ីរ៉ង់ បានប្រកាសបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន ចំពោះជើងហោះហើរទាំងអស់ លើកលែងតែជើងហោះហើរអន្តរជាតិទៅ-មកអ៊ីរ៉ង់ ជាមួយការចាប់អនុវត្តផ្លូវការ នាយប់ថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០២៦។

យោងតាមការជូនដំណឹង ដែលបង្ហោះលើគេហទំព័ររដ្ឋបាលអាកាសចរណ៍សហព័ន្ធ ការបិទបណ្តោះអាសន្ននេះ ត្រូវបានកំណត់ឱ្យមានរយៈពេលលើសពីពីរម៉ោង រហូតដល់ពាក់កណ្តាលអធ្រាតថ្ងៃដដែល ប៉ុន្តែអាចពន្យារពេលទៀត។

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo បានឱ្យដឹងថា ជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួន នឹងរងផលប៉ះពាល់ដោយការបិទដែនអាកាសភ្លាមៗរបស់អ៊ីរ៉ង់។ ទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក៏បានឱ្យដឹងដែរថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី Aeroflot ទៅកាន់ទីក្រុងតេហេរ៉ង់ បានត្រឡប់ចូលទីក្រុងមូស្គូវិញ ក្រោយការប្រកាសបិទ។

សូមជម្រាបថា ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ដូចជា flydubai និង Turkish Airlines បានលុបចោលជើងហោះហើរជាច្រើន ទៅកាន់អ៊ីរ៉ង់កាលពីសប្តាហ៍មុន៕



 

Powered by Blogger.