សហរដ្ឋអាមេរិក អនុម័តការលក់យន្ដហោះល្បាត និងមីស៊ីលទំហំ ២.៣ពាន់លានដុល្លារឱ្យសិង្ហបុរី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២០ ខែមករា បានប្រកាសពីការអនុម័តការលក់យន្ដហោះល្បាតសមុទ្រ P-8A មីស៊ីល torpedoes និងបរិក្ខារពាក់ព័ន្ធគិតជាទឹកប្រាក់ ២.៣ពាន់លានដុល្លារទៅឱ្យសិង្ហបុរី។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA)
បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី
ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត
ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្បីកំញើញសត្រូវ។ DSCA
បន្ថែមថាការលក់អាវុធខាងលើ
ក៏នឹងជួយពង្រឹងផលប្រយោជន៍គោលនយោបាយការបទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ
តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់ប្រទេសជាដៃគូយុទ្ធសាស្ត្រមួយ
ដែលជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។
ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធឱ្យសិង្ហបុរី
ហើយ DSCA
ក៏បានជូនដំណឹងរួចហើយដែរទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកដើម្បីស្នើសុំការអនុម័ត។
សូមជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Chan Chun Sing បានឱ្យដឹងថា សិង្ហបុរីនឹងទិញយន្ដហោះល្បាតសមុទ្រ P-8A ៤គ្រឿងពីក្រុមហ៊ុន Boeing ដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខសមុទ្រ។
លោក Chan បានជូនដំណឹងទៅកាន់រដ្ឋមន្ត្រីការពារជាតិអាមេរិក
លោក Pete Hegseth អំឡុងកិច្ចប្រជុំនៅឯមន្ទីរបញ្ចកោណកាលពីថ្ងៃទី១០
ខែកញ្ញា៕ (AFP)

Post a Comment