ម៉ាឌូរ៉ូ ថាវ៉េណេស៊ុយអេឡា បើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក នៅចំពោះមុខសម្ពាធកាន់តែខ្លាំង
ការ៉ាកាស៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានគេចវេសឆ្លើយនឹងសំណួរជុំវិញសេចក្ដីរាយការណ៍អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុង ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែបាននិយាយថាលោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនជាច្រើនសប្ដាហ៍មកនេះ។
នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ
កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា លោក ម៉ាឌូរ៉ូ
ដោយចង់សំដៅលើគំនិតនៃកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកស្ដីពីការរត់ពន្ធគ្រឿងញៀន ប្រេង
និងអន្តោប្រវេសន៍ បាននិយាយថារូបលោកបើកចំហចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
មិនថានៅទីណា ឬនៅពេលណានោះទេឱ្យតែសហរដ្ឋអាមេរិកចង់។
មកទល់នឹងពេលនេះ លោក ម៉ាឌូរ៉ូ
មិនបានទទួលស្គាល់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុងប្រទេសរបស់លោកនោះទេ។
នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើលោកទទួលស្គាល់ ឬបដិសេធ ការវាយប្រហារនេះ លោក
ម៉ាឌូរ៉ូ មិនបានឆ្លើយចំនឹងសំណួរនោះទេ
ដោយនិយាយថានេះអាចជាអ្វីដែលយើងអាចនឹងជជែកគ្នានៅប៉ុន្មានថ្ងៃខាងមុខ។
បើជាការពិតមែន
ការវាយប្រហារលើកំពង់ផែវ៉េណេស៊ុយអេឡានឹងក្លាយជាវាយប្រហារលើដីគោកលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក
ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធ គ្រឿងញៀននៅក្នុងតំបន់អាមេរិកឡាទីនចាប់តាំងពីដើមខែកញ្ញា
ឆ្នាំ២០២៥មក។ លោក ត្រាំ កាលពីថ្ងៃចន្ទ បានអះអាងថាសហរដ្ឋអាមេរិកបានវាយប្រហារ
និងកម្ទេចកំពង់ផែមួយកន្លែងដែល
ត្រូវបានប្រើប្រាស់សម្រាប់ទូកដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។ លោក ត្រាំ
មិនបាននិយាយថាតើប្រតិបត្តិការនេះធ្វើឡើងដោយយោធាអាមេរិក ឬក៏ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់
CIA
ឡើយ ហើយក៏មិនបានបង្ហើបឱ្យដឹងពីទីតាំងជាគោលដៅនៃការវាយប្រហារនោះដែរ៕ (AFP)

Post a Comment