រដ្ឋបាលស្រុកត្រាំកក់ ចេញសេចក្តីបំភ្លឺព័ត៌មាន និងបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងខ្លឹមសារពាក្យបណ្ដឹងរបស់ឈ្មោះ ហ៊ូ សារ៉ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ អង្គភាពព័ត៌មាន «ភ្នំពេញដេលី» បានទទួលលិខិតរបស់រដ្ធបាលស្រុកត្រាំកក់មួយច្បាប់ ដែលមានសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងខ្លឹមសារពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ូ សារ៉ាន រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានខ្លឹមសារដូចខាងក្រោម៖

១ . លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ និងបក្សពួកបានគប់គិតជាមួយឈ្មោះ ងន ហ៊ាល លុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋ ទទឹងប្រវែង៦ម៉ែត្រ បណ្តោយប្រវែង៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

- ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ងន ហ៊ាល បានធ្វើប័ណ្ណកម្មសិទ្ធិដាច់ដោយដលេខ ០០៥៩១៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយបានធ្វើរបងព័ទ្ធលើដីកម្មសិទ្ធិក្នុងអំឡុងឆ្នាំ២០១៨ ក្រោយមកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ងន ហ៊ាល បានយកគ្រឿងចក្រទៅកាយដីនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន ភ្លាមៗនោះឈ្មោះ ហ៊ូ សារ៉ាន បានរាយការណ៍តាមរយៈទូរស័ព្ទមករដ្ធបាលស្រុក ឱ្យជួយទប់ស្កាត់នូវសកម្មភាពខាងលើ បន្ទាប់មករដ្ធបាលស្រុកបានចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យ និងបានធ្វើកំណត់ហេតុឱ្យឈ្មោះ ងន ហ៊ាន ផ្អាកសកម្មភាពកាយដីភ្លាមៗផងដែរ។ ក្រោយមករដ្ធបាលស្រុកបានកោះអញ្ជើញគូរភាគីទាំងសងខាង មកសម្របសម្រួលនៅសាលាស្រុក ជាលទ្ធផលភាគីទាំងសងខាងមិនបានស្រុះស្រួលគ្នាទេ ដូច្នេះរដ្ធបាលស្រុកបានបន្តណែនាំឱ្យឈ្មោះ ងន ហ៊ាន ផ្អាកសកម្មភាពឈូសឆាយកាយដីនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។

២ . លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ និងលោក សាយ វណ្ណៈ អភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានធ្វើការទប់ស្កាត់ និងបង្ក្រាបចំពោះការគប់គិតគ្នារវាងឈ្មោះ ណីប អង ជាមួយឈ្មោះ ជា សំអុល ស្មៀនឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានក្លែងស្នាមមេដៃរបស់ឈ្មោះ ស្វាយ សារ៉ា ព្រមទាំងបង្ខំឱ្យលោកមេភូមិចុះហត្ថលេខា ដើម្បីធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែក។

- ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ធបាលស្រុកត្រាំកក់ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើនេះ ព្រោះស្នាមមេដៃខាងលើនេះមានកាលបរិច្ឆេទមុនលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ មកបំពេញការងារនៅស្រុកត្រាំកក់។ ចំណែកឯកលោក ជា សំអុល អតីតជាស្មៀនឃុំអូរសារាយ ក្រសួងមហាផ្ទៃបានផ្ទេរភារកិច្ចមកបម្រើការងារនៅរដ្ធបាលស្រុកត្រាំកក់ ចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មុនលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ មកបំពេញការងារជាអភិបាលស្រុកត្រាំកក់រយៈពេល៩ខែ។

៣ . លោក កេត ម៉ៅ បានទន្ទ្រានយកដីបឹងត្នោតទេជាច្រើនកន្លែងកាលពីឆ្នាំ២០២៣-២០២៤ អំឡុងពេលលោកធ្វើជាអភិបាល នៃគណៈអភិបាលស្រុកសំរោង ខេត្តតាកែវ។ ចំណែកការសាងសង់របងរំលោភចំណីនឹងស្លាគូ ដោយគ្មានច្បាប់អនុញ្ញាតរហូតដល់ជាង៣០០០ម៉ែត្រ ក៏លោក កេត ម៉ៅ មិនបានចាត់មន្ត្រីឱ្យធ្វើការត្រួតពិនិត្យដែរ។

- ពាក់ព័ន្ធនឹងករណីខាងលើនេះ ជារឿងមិនពិតដោយសារលោក កេត ម៉ៅ ក្នុងអំឡុងពេលទទួលភារកិច្ចជា អភិបាល នៃគណៈអភិបាលស្រុកសំរោង មិនមានដីសូម្បី១មីលីម៉ែត្រ នៅបឹងត្នោតទេ។ ចំណែកការសាងសង់ របងនៅស្ទឹងស្លាគូ ម្ចាស់ដ៏បានធ្វើរបងលើស្របទៅតាមប័ណ្ណកម្មសិទ្ធិ ដែលមន្ត្រីជំនាញបានវាស់វែងមុនពេលលោក កេត ម៉ៅ ផ្ទេរភារកិច្ចមកជា អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់។ រីឯរបងដែលបានធ្វើគ្មានច្បាប់អនុញ្ញាត ហើយរំលោភលើដីចំណីស្ទឹង ក៏បានធ្វើការវាយកម្ទេចរួចរាល់ផងដែរ។

៤ . អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាល នៃគណៈអភិបាលស្រុកសំរោង ខេត្តតាកែវ លោកបានគប់គិតជាមួយលោក ធន វ៉ាត ប្រធានការិយាល័យរដ្ធបាល និងហិរញវត្ថុស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ដើម្បីបើកប្រាក់បៀវត្សរបស់លោក ជឹម គង់ ជាធម្មតាទោះបីជាលោកមិនបានទៅបំពេញការងារ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់សមត្ថភាពការងារជាច្រើនឆ្នាំ។

- ពាក់ព័ន្ធនឹងចំណុចទី៤ ខាងលើនេះអំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាល នៃគណៈអភិបាលស្រុកសំរោង នៅរដ្ធបាលស្រុកសំរោង មិនមានឈ្មោះ ជឹម គង់ ជាមន្ត្រីរាជការនៅស្រុកសំរោង និងមិនមានឈ្មោះក្នុងតារាង ដើម្បីបើកប្រាក់បៀវត្សឡើយ។ ដោយឡែកករណីលោក អ៊ុត សំនិត គាត់បានដាក់ពាក្យស្នើសអនុញ្ញាតស្ថិតក្នុងភាពទំនេរគ្មានបៀវត្សចំនួន២លើក ក្នុងនោះ៖

- លើកទី១ រយៈពេល១ឆ្នាំ (គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤)

- លោកទី២ រយៈពេល១ឆ្នាំ (គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥)

បច្ចុប្បន្នលោក អ៊ុត សំនិត កំពុងបម្រើការងារនៅរដ្ឋបាលស្រុក៕







Powered by Blogger.