ប្រធានាធិបតីកូឡុំប៊ី ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ចំពោះមុខការសម្លុតគំរាមពីលោក ត្រាំ

បូហ្គោតា៖ លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី បាននិយាយកាលពីថ្ងៃចន្ទ ទី៥ ខែមករា ថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ប្រឈមមុខនឹងការសម្លុតគំរាមពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីសប្ដាហ៍មុនបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ យកទៅកាត់ទោសនៅសហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការយោធាវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

លោក Petro ជាអតីតទ័ពព្រៃម្នាក់ និងដែលរងការប្រមាថ និងគំរាមកំហែងជាច្រើនខែមកនេះពីលោក ដូណាល់ ត្រាំ បាននិយាយក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំបានស្បថហើយថានឹងមិនកាន់កាំភ្លើងជាថ្មីនោះទេ...ប៉ុន្តែដើម្បីជាតិ ខ្ញុំនឹងកាន់កាំភ្លើងម្ដងទៀត»

ការលើកឡើងបែបនេះរបស់លោក Petro ធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បានគំរាមធ្វើប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី ដោយប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រតិបត្តិការបែបនោះ គឺស្តាប់ទៅល្អសម្រាប់លោក។

«កូឡុំប៊ីក៏កំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរដែរ ហើយគ្រប់គ្រងដោយបុរសដ៏អសមត្ថភាពម្នាក់ ដែលចូលចិត្តផលិតគ្រឿងញៀនកូកាអ៊ីន ហើយលក់ពួកវាមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែជននោះនឹងមិនមានឱកាសនៅបន្តធ្វើវាបានយូរអង្វែងទៀតឡើយ» លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះប្រាប់ទៅកាន់ក្រុមអ្នកកាសែត នៅលើយន្តហោះ Air Force One ដោយចង់សំដៅលើប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro។ នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើសហរដ្ឋអាមេរិក នឹងធ្វើប្រតិបត្តិការយោធាប្រឆាំងកូឡុំប៊ីដែរឬទេ លោក ត្រាំ បានឆ្លើយតបថា «វាស្តាប់មើលទៅ គឺល្អសម្រាប់ខ្ញុំ»៕ (AFP)





Powered by Blogger.